ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសន្ទនាជាមួយ លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គម និយមវៀតណាម

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានជួបសន្ទនាជាមួយ លោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គម និយមវៀតណាម ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាត អន្តរសភាអាស៊ីអាគ្នេយ៍លើកទី៤៣ នៅរាជធានីភ្នំពេញ ។

កិច្ចជំនួបនេះបានប្រព្រឹត្ត ទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុក​ចិត្តគ្នា បន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស ប្រជាជន និងជាពិសេសយុវជន នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានសម្តែងនូវការអបអរសាទរ ចំពោះការរីកចម្រើន ឥតឈប់ឈរ នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ​នាពេលកន្លងមក ជាអាទិ៍ ៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងបញ្ហាព្រំដែន ។ល។ ដែលមានការរីកចម្រើនកើនឡើងគួរឱ្យកត់សំគាល់ ហើយប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។​ លើលពីនេះ ភាគីទំាងពីរក៏បានអះអាងផងដែរថា ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ជាពិសេសក្នុងស្រទាប់យុវ័យ ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។

លោលប្រធានរដ្ឋសភា និង លោក ឧត្តមសេនីយ៍ឯក បានឯកភាពគ្នាក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ ដើម្បីបន្តថែរក្សាទំនាក់ទំនងជិតស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ ដើម្បី​ផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ បង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រ គ្នាទៅវិញទៅមក នៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក៕

To Top