ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសមជាមួយ លោក រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) លើកទី៩ នៅខេត្តសៀមរាប។

ថ្លែងក្នុងកិច្ចជំនួបនេះ លោក រចនា ស៊ីង បានលើកទ្បើង អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ កម្ពុជា-ឥណ្ឌា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ហើយបន្តទៅមុខទៀត ទំនាក់ទំនងដ៏ល្អជិតស្និទ្ធនេះ ក៏នឹងត្រូវបានបន្តពង្រឹង និងពង្រីកឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍រួម នៃប្រទេស និងប្រជាជនទាំងពីរ។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពរបស់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ពេលអនាគត។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជា ក្នុងកាលៈទេសៈលំបាក ចាប់តាំងពីក្រោយសម័យរបបប៉ុលពត និងដំណាក់កាលស្វែងរកសន្តិភាពរហូតក្លាយជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិមកកម្ពុជាផងដែរ។

នៅលើមូលដ្ឋាននៃទំនាក់ទំនងល្អ ជាប្រវត្តិសាស្រ្តនេះ លោក រដ្ឋមន្ត្រីការពារជាតិឥណ្ឌា និង លោកមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានវាយតម្លៃខ្ពស់អំពីភាពចាំបាច់នៃការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង លើគ្រប់វិស័យ ជាពិសេសចំណងមិត្តភាព រវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ ដោយត្រូវបន្តថែរក្សាឱ្យបាន ស្ថិតស្ថេរយូរអង្វែងតទៅ៕

To Top