ព័ត៌មានជាតិ

ក្រសួងរ៉ែ ប្រកាសបើកឱ្យដាក់ពាក្យ ដើម្បីទទួលអាជ្ញាបណ្ណរុករករ៉ែ ក្នុងខេត្តកំពត លើផ្ទៃដី ១៥៥ហិកតា

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលអាជ្ញាបណ្ណស្វែងរុករក នៅតំបន់សម្បទានស្វែងរុករករ៉ែ លើផ្ទៃដី ១៥៥ហិកតា ក្នុងស្រុកឈូក ខេត្តកំពត។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងរ៉ែ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «សូមប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន ១តំបន់ លើផ្ទៃដីទំហំ១៥៥ ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តាល នៅឃុំតាកន ស្រុកឈូក ខេត្តកំពត»។

ក្រសួង បន្ដថា សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិដែលចាប់អារម្មណ៍ សូមស្នើសុំ «ពាក្យស្នើសុំ អាជ្ញាបណ្ណស្វែងរុករក» នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ជាន់ទី៣) នៃទីស្ដីការក្រសួងរ៉ែ និងថាមពល ដែលមានអាសយដ្ឋាន អគារC មហាវិថីព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

To Top