ព័ត៌មានជាតិ

ប្រតិភូ ប.ស.ស. ចូលរួមសិក្ខាសាលាអន្ដរជាតិ ស្តីពី “ភាពជាដៃគូ និងការរួមគ្នាដើម្បីយុត្តិធម៌សង្គម សម្រាប់និរន្តភាពហិរញ្ញវត្ថុ នៃប្រព័ន្ធសន្តិសុខសង្គម ព្រមទាំងការឆ្ពោះទៅរក កិច្ចគាំពារសង្គមជាសកល”

ប្រទេសឡាវ៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានដឹកនាំប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី “ភាពជាដៃគូ និងការរួមគ្នាដើម្បីយុត្តិធម៌សង្គម សម្រាប់និរន្តភាពហិរញ្ញវត្ថុ នៃប្រព័ន្ធសន្តិសុខសង្គម ព្រមទាំងការឆ្ពោះទៅរក កិច្ចគាំពារសង្គមជាសកល” ក្រោមអធិបតីភាព លោក Padeumphone Sonthany អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម ដែលប្រពឹ្រត្តិទៅនៅសណ្ឋាគារ Pullman Hotels and Resorts ខេត្តលួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។

ក្នុងឱកាសនេះដែរ លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. បានចែករំលែកជាបទបង្ហាញ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ជូនដល់អង្គសិក្ខាសាលាផងដែរ។ 

ផ្ទាំងពាណិជ្ជកម្ម

សិក្ខាសាលាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកឧត្តមានុវត្តន៍ ចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក នូវការអនុវត្តរបបសន្តិសុខសង្គម មុននឹងចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៩ (The 39th ASSA Board Meeting)។

សូមបញ្ជាក់ផងដែរថា៖ សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងដោយអង្គភាពសន្តិសុខសង្គមឡាវ (LSSO) នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដោយមានការចូលរួមពីសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ១០០នាក់ មកពីបណ្តារដ្ឋសមាជិកអាស៊ានចំនួន១០ រួមមាន ប្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕

To Top