ព័ត៌មានជាតិ

អឺរ៉ុប ចាប់​អារម្មណ៍ ក្នុងការវិនិយោគ សាងសង់ កន្រ្តកខ្សែកាប នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការវិនិយោគ សាងសង់កន្រ្តកខ្សែកាប (Cable Car) នៅប្រទេសកម្ពុជា ពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ក្នុងជំនួបពិភាក្សាការងារ រវាងលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ នាថ្ងៃទី២៣ វិច្ឆិកា នៅទីស្ដីក្រសួង តំណាងក្រុមហ៊ុនDoppelmayr Group បានធ្វើបទបង្ហាញពីសាវតា ក៏ដូចជា សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុន ចាប់តាំងពីពេលកកើតរហូតមកដល់បច្ចុប្បន្ន និងគម្រោងនានា ដែលក្រុមហ៊ុនបាន និងកំពុងអនុវត្ត នៅតាមបណ្តាប្រទេសជាច្រើនជុំវិញ ពិភពលោកទាំង ក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយចំណុចសំខាន់ ដែលបានលើកយកមកបង្ហាញ នៅក្នុងជំនួបនេះ គឺគុណសម្បត្តិនៃការជ្រើស យកការដឹកជញ្ជូនដោយ កន្រ្តកខ្សែកាប (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

បន្ថែមពីលើនេះ តំណាងក្រុមហ៊ុន បញ្ជាក់ថា «បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន លើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្រ រាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)»។

ទន្ទឹមជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការប្រចាំការ បានបង្ហាញចំណាប់អារម្មណ៍ លើគម្រោងដែល ក្រុមហ៊ុនលើកយកមកបង្ហាញ និងបានគូសបញ្ជាក់ពីវិស័យដឹកជញ្ជូនសាធារណៈ ដែលក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងគិតគូរ និង ស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និង លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើង ថែមទៀតផងដែរ។

លោករដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ របស់ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹង ពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋ គ្រប់រូបនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាក មកប្រើប្រាស់សេវាដឹកជញ្ជូន សាធារណៈនេះបានកាន់តែច្រើនឡើង។

លោក បានបញ្ជាក់ទៀតថា ក្រសួងបានធ្វើការសិក្សា លើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូន សាធារណៈនៅក្នុងទីក្រុង ក៏ដូចជាកំពុងស្វែងរកដៃគូ វិនិយោគបន្ថែម ដើម្បីអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានភាពរីកចម្រើន ក្នុងនាមជាប្រទេស ដែលកំពុងអភិវឌ្ឍមួយក្នុងតំបន់។

សូមរំលឹកថា ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹក ជញ្ជូន សាធារណៈ ដោយកន្រ្តកខ្សែកាប(Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការដឹកជញ្ជូន អ្នកដំណើរ ប្រកដោយបទពិសោធន៍ និងការច្នៃប្រឌិតខ្ពស់ ៕

To Top