ព័ត៌មានជាតិ

កម្មវិធី NSSF Member App របស់ ប.ស.ស. ទទួលពានរង្វាន់ផ្នែកនវានុវត្តន៍​ ពីក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៩

ឡាវ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន​ លើកទី៣៩ (The 39th ASSA Board Meeting) លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម បានទទួលពានរង្វាន់ផ្នែក នវានុវត្តន៍ក្នុងការដាក់ឱ្យប្រើកម្មវិធី NSSF Member App សម្រាប់សមាជិក ប.ស.ស. ពីលោក Indrajid Nurmukti អគ្គលេខាធិការ នៃសមាគមសន្តិសុខសង្គមអាស៊ាន តំណាងឯកឧត្តម Anggoro Eko Cahyo ប្រធានសមាគមសន្តិសុខសង្គមអាស៊ាន ក្នុងអាណត្តិ ២០២១-២០២២នេះ។

ការវាយតម្លៃផ្តល់ពានរង្វាន់ឧត្តមមានុវត្តន៍ ក្នុងការដាក់ឱ្យប្រើកម្មវិធី NSSF Member App ពីគណ:កម្មការវាយតម្លៃ នៃសមាគមសន្តិសុខសង្គមអាស៊ាន គឺជាមោទកភាពថ្មីមួយទៀតរបស់ ប.ស.ស. កម្ពុជា ហើយនេះក៏ជាពានរង្វាន់លើកទី៧ ដែរ ដែល ប.ស.ស. កម្ពុជា ទទួលបានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើការបំពេញការងារប្រកបដោយភាពជោគជ័យ ក្នុងការអនុវត្តរបបសន្ដិសុខសង្គម ជូនដល់សមាជិករបស់ខ្លួន។ កម្មវិធី NSSF Member App គឺជាការបោះជំហានបច្ចេកវិទ្យាថ្មី ដែលអនុញ្ញាតឱ្យសមាជិក ប.ស.ស. ទាំងអស់អាចពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន ពិនិត្យមើលភាគទានប្រចាំខែ របាយការណ៍ចូលប្រើប្រាស់សេវាព្យាបាល នៅតាមមន្ទីរពេទ្យដៃគូ អាសយដ្ឋាន ប.ស.ស.ស្នាក់ការកណ្តាល និងសាខា អាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស. ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ត្រូវបានរៀបចំឡើងផ្លាស់វេន ជារៀងរាល់ឆ្នាំ ដោយឡែកសម្រាប់អាណត្តិ ២០២១-២០២២ កិច្ចប្រជុំបានផ្ដោតលើគោលបំណងសំខាន់ៗ រួមមាន៖ ១) ពិនិត្យ និងអនុម័តលើកំណត់ហេតុ នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៨ (The 38th ASSA Board Meeting) ២) ផ្ទេរតំណែងប្រធានសមាគម សន្តិសុខសង្គមអាស៊ាន (ASSA Chairman) អនុប្រធានសមាគមសន្តិសុខសង្គម (ASSA Vice Chairman) និងអគ្គលេខាធិការ នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA Secretary-General) ក្នុងអាណត្តិ ២០២២-២០២៣, ៣) ពិនិត្យ និងអនុម័តលើផែនការសកម្មភាព របស់សមាគមសន្តិសុខសង្គមអាស៊ានសម្រាប់ឆ្នាំ ២០២២-២០២៣, ៤) ពិនិត្យ និងអនុម័តលើប្រធានបទ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៤០ (The 40th ASSA Board Meeting) និង ៥) ពង្រឹងកិច្ចសហការកាន់តែប្រសើរ រវាងស្ថាប័នសន្តិសុខសង្គមជាសមាជិក។

ជាលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៩ (The 39th ASSA Board Meeting) នេះ លោកស្រី Keo Chanthavixay អគ្គនាយក នៃអង្គភាពសន្តិសុខសង្គមឡាវ (LSSO) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានតែងតាំងជាប្រធានសមាគម សន្តិសុខសង្គមអាស៊ាន ក្នុងអាណត្តិ ២០២២-២០២៣ ឯកឧត្តម Datuk Seri Amir Hamzah Azizan នាយកប្រតិបត្តិនៃមូលនិធិសន្និច្ច័យ សម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ត្រូវបានតែងតាំងជាអនុប្រធាន សមាគមសន្តិសុខសង្គមអាស៊ាន ក្នុងអាណត្តិ ២០២២-២០២៣ និងលោកស្រី Bouahome Phommachanh អគ្គនាយករង នៃអង្គភាពសន្តិសុខសង្គមឡាវ (LSSO) នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ត្រូវបានតែងតាំងជាអគ្គលេខាធិការ នៃសមាគមសន្តិសុខសង្គមអាស៊ាន ក្នុងអាណត្តិ ២០២២-២០២៣។

សូមបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំខាងលើ ត្រូវបានរៀបចំឡើង ដោយអង្គភាពសន្តិសុខសង្គមឡាវ (LSSO) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាប្រធានផ្លាស់វេន សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដោយមានការចូលរួម ពីសមាជិកនៃសមាគមសន្តិសុខសង្គម អាស៊ាន (ASSA) ចំនួន ១០០រូប មកពីបណ្តាប្រទេសអាស៊ាន ចំនួន១០ រួមមាន ប្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕

To Top