ព័ត៌មានជាតិ

ស្ថានីយបញ្ចូល ថាមពលយានយន្ត អគ្គិសនីប្រមាណ ២០០ទីតាំង នឹងដំឡើងទូទាំង ប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបណ្ដាក់ទុនវិនិយោគ ដ៏សន្ធឹកសន្ធាប់លើវិស័យ យានយន្ត អគ្គិសនី ក្រសួង​នឹងដំឡើងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនី (EV Charging Station) ប្រមាណ ២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា ដោយក្រុមហ៊ុន BYD Auto Industry ។

នាឱកាសអនុញ្ញាត ឱ្យក្រុមហ៊ុន BYD Auto Industry ដឹកនាំដោយលោក Henry Yip ជានាយកថ្នាក់តំបន់ និងក្រុមហ៊ុន HUAN YA HE ZHONG (Cambodia) Trading Co.,Ltd ដឹកនាំដោយលោក Marco Mok នាយកប្រតិបត្តិ BYD Cambodia ជួបពិភាក្សាការងារ ដើម្បីរិះរកវិធានការ និងវិធីសាស្ត្រផ្សេងៗ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីកម្ពុជា នាពេល​ថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានលើកឡើងពីវឌ្ឍនភាព នៃការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា និងកិច្ចសហការ របស់ក្រសួងជាមួយដៃគូ អភិវឌ្ឍន៍នានា។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជា ក្រុមហ៊ុន BYD Auto Industry ផងដែរ ក្នុងការចូលរួមលើកទឹកចិត្ត ប្រជាពលរដ្ឋក្នុងការ ប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូល ថាមពលយានយន្តអគ្គិសនី នៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់ តែច្រើនឡើងបន្ថែមទៀត ។

ក្នុងនោះដែរ តំណាងក្រុមហ៊ុន BYD បានលើកឡើងពីគោលដៅ ក្នុងការចូលរួមពង្រីកការប្រើប្រាស់ យានយន្តអគ្គិសនី ដោយឈរលើចក្ខុវិស័យឆ្ពោះ ទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការ បៃតង ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ (Green New Energy and Green Plan of ២០២២-២០២៣)។ ក្រុមហ៊ុនបានបង្ហាញនូវផែនការ ក្នុងការដំឡើង ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ចំនួន ២០០ទីតាំងផ្សេងៗគ្នា នៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ ដែលតាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួល ជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការស្វែងរកទីតាំង ដើម្បីដំឡើងស្ថានីយបញ្ជូល ថាមពលទាំងនោះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យា នឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជា បន្ថែមទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួង ក្នុងការរៀបចំជាគោលនយោបាយលើកទឹកចិត្ត ប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់ យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេស ជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿង បន្លាស់យានយន្តអគ្គិសនី បានទាន់តម្រូវការ ។

ឆ្លើយតបទៅនឹងសំណូមពរ របស់ក្រុមហ៊ុន លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ឯកភាព ជួយសម្របសម្រួលជាមួយស្ថាប័ន ពាក់ព័ន្ធក្នុងការស្វែងរកទីតាំង សម្រាប់ដំឡើងស្ថានីយបញ្ចូល ថាមពលទាំង២០០ទីតាំង ក្នុងនោះ ក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើង ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមមន្ទីរសាធារណការ និង ដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត ។

ជាមួយគ្នានេះដែរ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន ដើម្បីបង្កើតបទដ្ឋានគតិយុត្ត និង រៀបចំយុទ្ធសាស្ត្រផ្សេងៗ ដូចមានការបញ្ចុះតម្លៃពន្ធនាំចូលយាន យន្តអគ្គសនីជាដើម ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (EV) ឱ្យមានការកើនឡើងកាន់តែច្រើន។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានឯកភាពឱ្យមានការចុះ MoU រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន BYD ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជានិស្សិតកម្ពុជា ឱ្យទៅសិក្សាវគ្គសិក្សាខ្លីៗ នៅក្រុមហ៊ុន BYD ឬនៅកម្ពុជាផ្ទាល់ ដូចដែលក្រសួង កំពុងអនុវត្តជាមួយក្រុមហ៊ុន Ford ផងដែរ។ តាមរយៈកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ស្នើឱ្យក្រុមហ៊ុនពិនិត្យពិចារណា លើការបញ្ចុះតម្លៃរថយន្តអគ្គិសនី ប្រសិនបើមានការបញ្ជា ទិញពីក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធផងដែរ ៕

To Top