ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំអាជ្ញាធរដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យបានរហ័ស ចៀសវាងបង្កបញ្ហា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមាន ប្រសិទ្ធភាព ដើម្បីចៀសវាងបង្កនូវបញ្ហានានា។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាជាង ៣ពាន់នាក់ ក្នុងរាជធានីភ្នំពេញ នៅវិមាន ៧មករា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានក្រើនរំលឹកដល់ សមាជិក-សមាជិកា គណបក្សទាំងអស់ មានតួនាទីនៅរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន៖ ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា៖ ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។

សម្ដេចតេជោ បញ្ជាក់ថា «ទន្ទឹមនេះ ត្រូវយកចិត្តទុក ដាក់ផ្តល់នូវសេវាសាធារណៈ រួមមាន៖ សេវាតម្រូវ ការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវ យកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋបានរហ័ស និងមានប្រសិទ្ធភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា»។

សម្ដេចតេជោបន្ថែមថា អាជ្ញាធរ ក៏ត្រូវរួមគ្នាបន្តការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺរាតត្បាតនានា ព្រមទាំងយក ចិត្តទុកដាក់ដោះស្រាយបញ្ហាលក់ដូររបស់ប្រជាជន ដែលកើតមានឡើងនៅតាមផ្សារ បញ្ហាចរាចរណ៍ បញ្ហាទឹក-ភ្លើង។ លើសពីនេះ សម្ដចតេជោ បានជំរុញឱ្យអាជ្ញាធរមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាង កម្មករ ជាមួយរោងចក្រ ឬបុគ្គលិកក្រុមហ៊ុន ជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឱ្យអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ៕

To Top