ព័ត៌មានជាតិ

កម្ពុជា គឺជាប្រទេសគំរូ សម្រាប់ប្រទេស មានធនធានតិច ទើបចៀសផុតពីសង្គ្រាម អាចសម្រេចគោលដៅ សុខភាពយ៉ាងឆាប់រហ័ស

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា កម្ពុជា គឺជាប្រទេសគំរូ សម្រាប់ប្រទេស មានធនធានតិច ដែលទើបជៀសផុតពីសង្គ្រាម អាចសម្រេចគោលដៅសុខភាព បានយ៉ាងឆាប់រហ័ស ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល ។

ក្នុងពិធិបើកវេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «យើងមានមោទនភាព ដែលកម្ពុជា ជាប្រទេសគំរូ សម្រាប់ប្រទេសមានធនធានតិច និងប្រទេស ដែលទើបជៀសផុត ពីសង្រ្គាមអាចសម្រេចគោលដៅ សុខភាពបានយ៉ាងឆាប់រហ័ស។ វឌ្ឍនភាព និងគំនិតច្នៃប្រឌិត ក្នុងការផ្តល់ហិរញ្ញប្បទានសុខាភិបាល និង ការផ្តល់សេវា បានចូលរួមចំណែកដល់ការសម្រេច បានគោលដៅអភិវឌ្ឍន៍ សហស្សវត្សផ្នែក សុខាភិបាល ដែលធ្វើឱ្យកម្ពុជាក្លាយ ទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោក ដែលសម្រេច បាននូវសមិទ្ធផលនេះ»។

លោក បន្ដថា ដោយមានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើឱ្យប្រសើរ ឡើងយ៉ាងឆាប់រហ័ស នូវហេដ្ឋា រចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស បន្តការខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គុណភាព សេវាសុខាភិបាល ដាក់បញ្ចូល កម្មវិធីការ ផ្តល់ហិរញ្ញប្បទាន ផ្អែកលើលទ្ធផលការងារ និងការខិតខំពង្រឹងបទប្បញ្ញតិ្តនានា និងការធ្វើទំនើបកម្ម នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល។

ផ្ទាំងពាណិជ្ជកម្ម

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អង្គការសុខភាពពិភពលោក ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ វិស័យសុខាភិបាលនៅកម្ពុជា ជាក់ស្តែងយុទ្ធសាស្រ្ត សហប្រតិបតិ្តការសម្រាប់ប្រទេស របស់ WHO ត្រូវបានធ្វើឱ្យមានសង្គត់ភាព ជាមួយផែនការយុទ្ធសាស្រ្តសុខាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេច បានការគ្របដណ្តប់ សុខភាពជាសកល ។

លោក បន្ថែមថា អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បាននិងកំពុងជួយឧបត្ថម្ភ គាំទ្រវិស័យសុខាភិបាលនៅកម្ពុជា ទាំងបច្ចេកទេស និងថវិកា ជាពិសេសក្នុងអំឡុងពេល នៃការរាតត្បាតដោយជំងឺកូវីដ-១៩ WHO បានផ្តល់នូវការគាំទ្រ ទាំងការពង្រឹងសមត្ថភាពធនធានមនុស្ស ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្គត់ផ្គង់៖ ១ ៖ ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជា សកល នៃជំងឺកូវីដ-១៩ និងការពង្រឹង សមត្ថភាពស្នូល សម្រាប់គ្រប់គ្រង គ្រោះអាសន្ន និង ការគំរាមកំហែង សន្តិសុខសុខភាព ២៖ ការធានាសេវាសុខភាពជាសារវ័ន្ត អំឡុងពេលរាតត្បាតជំងឺជាសកល ដូចជា ការលុបបំបាត់ជំងឺគ្រុន ចាញ់ជំហានចុងក្រោយ ជំងឺរបេង ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការ បានដោយវ៉ាក់សាំង ជំងឺមិនឆ្លងនិងការ លើកកម្ពស់សុខភាព ការគ្របដណ្តប់សុខភាពជាសកល តាមរយៈការផ្តោតឡើងវិញទៅលើការថែទាំ សុខភាពបឋម៕

To Top