ព័ត៌មានជាតិ

តុលាការកំពូលជម្រះបណ្តឹងសារទុក្ខ ស្រ្តីពិរុទ្ធជនម្នាក់ ពាក់ព័ន្ធនឹងការលក់ដូរ នារីខ្មែរ ៧នាក់ ទៅធ្វើជាស្រីម៉ាស្សា ប្រទេស
ម៉ាឡេស៊ី

ភ្នំពេញ: ស្ត្រីពិរុទ្ធម្នាក់ ត្រូវបានតុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ធ្វើការជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់នាង ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់គុក កំណត់ ១៦ ឆ្នាំ ជាប់ទាក់ទងនឹងការចោទប្រកាន់ថា: នាងបានជួញដូរ និង លក់ដូរ ស្ត្រីខ្មែរ ចំនួន៧នាក់ ពីភ្នំពេញ ទៅបម្រើការងារ ជាស្រីម៉ាស្សា នៅ
ប្រទេសម៉ាឡេស៊ី ប្រព្រឹត្ត នៅក្នុង ឆ្នាំ ២០១៦ ។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ អ៊ុំ រ៉ាដែន ភេទស្រី អាយុ ៣៥ ឆ្នាំ ជាខ្មែរឥស្លាម មានទីលំនៅ សង្កាត់ឬស្សីកែវ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ អ៊ុំ រ៉ាដែន ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់គុក កំណត់ ១៦ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និង អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ១១ និង ១៦ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ។

ផ្ទាំងពាណិជ្ជកម្ម

ស្ត្រីជាប់ចោទ អ៉ុំ រ៉ាដែន ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ។

តុលាការកំពូលនឹងប្រកាសសាលដីកា សំណរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ៕

ដោយ: លីហ្សា

To Top