ព័ត៌មានជាតិ

លោក យ៉ង សាំងកុមារ៖ ជំនួបជាមួយ សម្ដេចតេជោ មានទស្សនដូចគ្នា ដើម្បីរកដំណោះស្រាយវិស័យកសិកម្ម

ភ្នំពេញ៖ លោកបណ្ឌិត យ៉ង សាំងកុមារ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺមានទស្សនវិស័យដូចគ្នា ទាក់ទងទៅនឹងបញ្ហាប្រឈម និងដំណោះស្រាយវិស័យកសិកម្មនៅកម្ពុជា។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្មដែលលោកទាំងពីរ ទើបមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោកបណ្ឌិត យ៉ង សាំងកុមារ នាថ្ងៃទី២៨ វិច្ឆិកានេះ បានឱ្យដឹងថា «រដ្ឋមន្រ្តីក្រសួងកសិកម្ម និងខ្ញុំបានជួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ពិភាក្សាអស់រយៈពេលប្រមាណ ២ម៉ោង ក្នុងបរិយាកាសល្អអំពី ស្ថានភាពកសិកម្ម ទុក្ខលំបាករបស់កសិករ ទស្សនវិស័យ និងវិធានការកែលម្អជាពិសេស ផ្តោតលើវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធផ្សេងទៀត»។

លោកបណ្ឌិតបន្ដថា «ជាទូទៅយើងមានទស្សនវិស័យដូចគ្នា ទាក់ទងនឹងបញ្ហាប្រឈម និងដំណោះស្រាយ ក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយយើងអាចធ្វើការជាមួយគ្នាបាន»។

សូមរំលឹកថា នាថ្ងៃ២៣ វិច្ឆិកា លោកបណ្ឌិត យ៉ង សាំង កុមារ និងលោក ឡឹក សុធារ បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ការចូលរួមនេះ ដោយសារលោកទាំង២ពេញចិត្តនឹង គោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ ៕

To Top