ព័ត៌មានជាតិ

សម្ដេច ស ខេង ឯកភាពឱ្យសិក្សា កំណត់ឆ្នាំរថយន្ដមួយទឹក ដែលនាំចូលកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឯកភាពឱ្យសិក្សា កំណត់ឆ្នាំរថយន្ដមួយទឹក ដែលនាំចូលប្រទេសកម្ពុជា ដើម្បីកាត់បន្ថយនាំចូលរថយន្តជជុះ ដែលមានហានិភ័យនានា។

សម្ដេច ស ខេង ឯកភាពឱ្យសិក្សាបែបនេះ ក្រោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ស.ច.គ បានលើកឡើងជាយោបល់ជូន សម្ដេច ថា បច្ចុប្បន្ន កម្ពុជាមានរថយន្តផលិតក្រោម ១០ឆ្នាំមុន កំពុងប្រើប្រាស់ប្រមាណ ៥០ភាគរយ ហើយការកំណត់ឆ្នាំផលិត រថយន្តនាំចូលកម្ពុជានេះ គឺដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់បរិស្ថាន ខណៈកម្ពុជា ក៏មិនអាចបណ្ដោយខ្លួនឱ្យក្លាយជា ទីផ្សារនាំចូលរថយន្តជជុះផងដែរ។

ក្នុងកិច្ចប្រជុំឆ្លងពង្រាងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើទី២ ឆ្នាំ២០២១-២០៣០ នៅទីស្ដីការក្រសួង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «ឯកភាពចំពោះយោបល់ ស្នើឱ្យគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាពពិចារណាស្នើសុំ រាជរដ្ឋាភិបាលកំណត់ឆ្នាំ ផលិតរថយន្តនាំចូលមកកម្ពុជា ដើម្បីកាត់បន្ថយរថយន្ត ជជុះមានហានិភ័យ»។

លើសពីនេះ សម្ដេចក៏បានជំរុញឱ្យខិតខំបន្ថែមទៀត ក្នុងការបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវ។ សម្ដេច បានសម្ដែងការពេញចិត្តចំពោះផែនការនេះ ដ្បិតមានទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ក្នុងការដោះស្រាយបញ្ហាចរាចរណ៍នៅកម្ពុជា ៕

To Top