ព័ត៌មានជាតិ

អភិបាលក្រុងបាវិត សម្ភោធផ្លូវបេតុងអាម៉េ ១ខ្សែរប្រវែង ៥៩២ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅភូមិច្រកលាវ សង្កាត់បាវិត

ស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើពិធីសម្ពោធ ផ្លូវបេតុងអាម៉េ១ខ្សែប្រវែង៥៩២ម៉ែត្រ ទទឹង៧ម៉ែត្រស្ថិតនៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះលោកលឹម សៀងហេង អភិបាលក្រុងបាវិតបានថ្លែងថា នាពេលកន្លងមកផ្លូវ១ខ្សែនេះ មានសភាពតូចចង្អៀត និងខូចខាតច្រើនហើយនៅរដូវវស្សា ស្ថានភាពផ្លូវគឺមានទឹកដក់ និងរអិលពិបាកក្នុងការ ធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះ ជាពិសេសគឺនៅពេលបងប្អូនប្រជាពលរដ្ឋ ដឹកកសិផលមកកាន់ទីផ្សារតែងតែ ជួបការលំបាកក្នុងការធ្វើដំណើរ។ ហើយក្នុងនាមអាជ្ញាធរក្រុង ក៏សូមអរគុណចំពោះប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវមួយខ្សែនេះ ដែលមានការយោគយល់ ជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុល ស្ថាបនាផ្លូវនេះឲ្យបានរួចរាល់ផងដែរ។

បន្ថែមលើសពីនេះលោកលឹម សៀងហេងបានបញ្ជាក់ថា ខណៈផ្លូវ១ខ្សែរនេះ បានជួសជុលរួចហើយនោះ នឹងមានបំពាក់អំពូលសូឡា ដើម្បីបំភ្លឺនៅពេលយប់ ដូច្នេះសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ដើម្បីកាត់បន្ថយនូវ ការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃមិនថា នៅទីក្រុងឬជនបទនោះឡើយ។ ម៉្យាងទៀតក៏សូមសំណូមពរ និងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអ្នកដែលប្រើប្រាស់ ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយ ត្រូវគិតថាផ្លូវជាសម្បត្តិរួមដើម្បី ប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។

ជាមួយគ្នានេះ លោកអភិបាលក្រុងបាវិត បានធ្វើការក្រើនរំលឹក និងជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជម្រុញឲ្យបានគ្រប់ៗគ្នា ហើយកុំព្រលែងសត្វពាហៈហនៈ ដែលចិញ្ចឹមពាសវាល ពាសកាលគឺរួមគ្នាដោះស្រាយ រាល់បញ្ហាទាំងឡាយដែល កើតមានឡើងនៅមូលដ្ឋាន និងមិនត្រូវសាងសង់សំណង់ នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាល ពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាត និងទីក្រុងមានសោភណ្ឌភាពល្អ ពីព្រោះថាសំរាមគឺជាបញ្ហាប្រឈមរួម ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ដោះស្រាយ មិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ ៕

To Top