នយោបាយ

លោក សយ សុភាព៖ ស្គាល់ច្បាស់ពី ភូមិសាស្ត្រនយោបាយ និងចេះបត់បែន ទាន់សភាពការណ៏ អ្វីៗប្រែប្រួល មួយភ្លែត

ភ្នំពេញ៖ លោក សយ ​សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ការស្គាល់ច្បាស់ពី ភូមិសាស្ត្រនយោបាយ និងចេះបត់ បែនទាន់សភាពការណ៏ អ្វីៗប្រែប្រួលមួយភ្លែត។

ការលើកឡើង របស់លោក សយ សុភាព បែបនេះ ស្របពេលដែលមន្រ្តីគណបក្សក្រៅរដ្ឋាភិបាល បានស្នើសុំរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច ជាបន្តបន្ទាប់ ជាក់ស្ដែងថ្មីៗនេះ ដែលមានលោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ដែលជាអតីតមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម។

សូមរំលឹកថា លោក យ៉ង សាំងកុមារ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បន្ទាប់ពីបានស្នើសុំរួមជីវភាព ជាមួយគណបក្សប្រជាជន កាលពីពេលថ្មីៗនេះ។

លោក យ៉ង សាំងកុមារ គឺជាបណ្ឌិតផ្នែក កសិកម្ម ដែលទទួលត្រូវបាន ទទួលស្គាល់ពីសំណាក់ប្រជាកសិករ មួយចំនួនធំ ក្នុងកំឡុងនិងមុនពេលឈរជើង នៅក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលហៅកាត់ថា គ.ប.ម។

នៅលើគណនីហ្វេសប៊ុក នៅព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឆ្នាំ២០២២ លោក សយ សុភាព ​បានលើកឡើងយ៉ាងដូច្នេះថា «នយោបាយគឺបែបនេះឯង។ ស្គាល់ច្បាស់ពី ភូមិសាស្ត្រនយោបាយ និងចេះបត់ បែនទាន់សភាពការណ៏ អ្វីៗប្រែប្រួលមួយភ្លែត ។

លោក សយ សុភាព បានអះអាងថា​ អាមេរិកបានបោះបង់ចោល ពួកក្រុមប្រឆាំង (ក្បាលរឹង) យូរហើយ ប៉ុន្តែពួកអ្នកដើរតាមមិនជឿ លទ្ធផល អ្នកខ្លះជាប់គុក រត់ចោលស្រុក ប៉ុន្តែខ្លះយល់ក៏ចាប់ផ្តើមសុំ មករស់នៅក្នុងស្រុកវិញ។

លោក សយ សុភាព ថា លោក យ៉ង សាំងកុមារ ពិតជាបណ្ឌិត ហើយដឹងមែន រួចលោកពិតជាឈ្នះ ក្នុងអាជីព ជាអ្នកនយោបាយ។

ក្នុងឱកាសនេះ លោក សយ សុភាព ក៏បានសម្ដែងការ អបអរសារទរ និងជូនពរ លោក យ៉ង សាំងកុមារ ឱ្យជោគជ័យ ក្នុងកិច្ចការងារ ភារៈកិច្ច របស់ខ្លួន ដើម្បីជួយកែប្រែជីវភាព របស់ប្រជាកសិករខ្មែរ ឱ្យកាន់តែល្អប្រសើរ៕

To Top