ព័ត៌មានជាតិ

ស្នាមញញឹម កសិករ ជាកម្លាំងចិត្ត ជំរុញបេសកកម្ម របស់អភិបាល ខេត្តពោធិ៍សាត់

ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ទឹកមុខនិងស្នាមញញឹម របស់ប្រជាកសិករ បានធ្វើឲ្យរូបលោក មានកម្លាំងចិត្ត បំពេញបេសកកម្ម ជូនរាជរដ្ឋាភិបាល និងប្រជាជន បន្ថែមទៀត ។

ការលើកឡើងរបស់លោក ខូយ រីដា បែបនេះធ្វើឡើង ក្នុងឱកាសដែលរូបលោក ចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បី ពិនិត្យមើលការស្តារ ពូជស្រូវឡើងវិញ ដែលសម្តេចតេជោ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ បំផុតនាពេលកន្លងមកនេះ ។

នៅចំពោះមុខប្រជាកសិករ លោកអភិបាលខេត្ត បានលើកឡើងថា ការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺមានន័យថា ជាការគាំទ្រការលើកកម្ពស់ជីវភាព គ្រួសារខ្លួនឯង។

លោក ខូយ រីដា បន្ថែមថា ទឹកមុខ និងស្នាមញញឹម របស់ប្រជាកសិករ គឺបានធ្វើឲ្យលោកមានកម្លាំងចិត្ត ក្នុងការបំពេញបេសកកម្ម ជូនរាជរដ្ឋាភិបាល និងប្រជាជន បន្ថែមទៀត។

សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២កន្លងទៅបានអញ្ជើញផ្ដល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់។

តាមលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវ និងការស្តារឡើងវិញ បន្ទាប់ពីទទួលបានគ្រាប់ពូជស្រូវពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាកសិករ ចំនួន៥,៣៣៦គ្រួសារ ស្មើនឹង១០០% បានបញ្ចប់ស្តារឡើងវិញ នៅលើផ្ទៃដី ចំនួន ៦,៦៦៧.៨៧ហិកតា ស្មើនឹង១០០% នៃផ្ទៃដីសរុបដែលត្រូវស្តារឡើងវិញ។ ចំពោះផ្ទៃដីស្តារឡើងវិញនេះ បាននឹងកំពុងអនុវត្ត នៅលើដីស្រូវរដូវប្រាំង ឆ្នាំ២០២២។

ប្រជាកសិករដែលបានទទួលបានពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេច ដែលបានផ្ដល់ជាពូជស្រូវដល់ប្រជាកសិករ ក្នុងការស្ដារលទ្ធភាពឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារទឹកជំនន់កន្លងមក ហើយបានធ្វើឱ្យដំណាំស្រូវ មានការលូតលាស់បានយ៉ាងល្អប្រសើរ និងត្រៀមក្នុងការប្រមូលផលនាពេលឆាប់ៗខាងមុខនេះ។

ទាំងប្រជាកសិករ និងទាំងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈ ដែលមិនអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែយកអស់កម្លាំងកាយចិត្ត និងបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលនេះ ហើយអំណោយដ៏ថ្លៃថ្លានេះ បានជួយដល់ប្រជាកសិករដែលរងគ្រោះ ដោយសារទឹកជំនន់កន្លងមក អាចធ្វើការស្ដារលទ្ធភាពឡើងវិញបានទាន់ពេលវេលា។

To Top