ព័ត៌មានជាតិ

ចិន បាញ់បង្ហោះយានអវកាស Shenzhou-15 បញ្ជូនអវកាសយានិក ៣រូប ទៅកានស្ថានីយអវកាសរបស់ខ្លួន

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារប្រទេសចិន បានបាញ់បង្ហោះយានអវកាសឈ្មោះថា Shenzhou-15 ដែលដឹកនាំក្រុមអ្នកអវកាសយានិកចំនួន ៣រូប ទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ជាទីដែលពួកគេនឹងបញ្ចប់ ការបញ្ជូននាវិកជាលើកដំបូង របស់ប្រទេសនេះនៅក្នុងគន្លងតារាវិថី ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ិនហួ បានរាយការណ៍ដូច្នេះ ។

ទីភ្នាក់ងារស៊ិនហួ បានផ្សាយដោយដកស្រង់សម្តី របស់រដ្ឋបាលអវកាសចិន ហៅកាត់ថា (CMSA) ថា យានបានបាញ់ឡើងដោយប្រើគ្រាប់រ៉ុក្កែត Long March-2F នៅម៉ោង១១និង០៨នាទីយប់ ដោយបាញ់ចេញពី មជ្ឈមណ្ឌលបាញ់បង្ហោះ Jiuquan នៅវាលខ្សាច់ Gobi ភាគពាយ័ព្យនៃប្រទេសចិន ។

ទីភ្នាក់ងារនេះបានផ្សាយថា យានដែលដឹកទាហានជើងចាស់ Fei Junlong និងអវកាសយានិកដំបូងគេ២នាក់ Deng Qingming និង Zhang Lu បានចូលចតដោយជោគជ័យ ជាមួយស្ថានីយកាលពីព្រឹកថ្ងៃពុធនេះ ។

លោក Fei អាយុ៥៧ឆ្នាំ កំពុងវិលត្រឡប់ទៅកាន់ទីអវកាសវិញ បន្ទាប់ពី១៧ឆ្នាំដោយបានបញ្ជាបេសកកម្ម លើយានអវកាស Shenzhou-6 ក្នុងឆ្នាំ២០០៥ ។

ក្រុមរបស់គាត់នឹងចូលរួមជាមួយ អវកាសយានិក៣នាក់ផ្សេងទៀត នៅលើស្ថានីយ៍អវកាស Tiangong ដែលបានមកដល់ នៅកាលពីដើមខែមិថុនា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top