ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ណែនាំមន្ដ្រីនគរបាលយុត្តិធម៌ ត្រូវពន្លាតការ​ស៊េីប​អង្កេត​លេីបទល្មើសសម្អាតប្រាក់

ភ្នំពេញ ៖ ចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ នៃក្រសួងបរិស្ថាន​ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាតបទល្មើស និងបទល្មើសសម្អាតប្រាក់ ដែលពន្លាតចេញពីបទល្មើសដើម នៃបទល្មើសធនធានធម្មជាតិជូនមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុ វត្តច្បាប់នៃអង្គភាពចំណុះក្រសួង នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ មានតួនាទី សំខាន់ក្នុងអនុវត្តច្បាប់ពាក់ព័ន្ធនានា ក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវរកម្ម។

លោក លើកឡើងពីសារៈសំខាន់ នៃការពង្រឹងសមត្ថភាព មន្ត្រីនគរបាលយុត្តិធម៌និង មន្ត្រីអនុវត្តច្បាប់ក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្ប ទានដែលនាំឱ្យរីកសាយភាយអាវុធមហាប្រល័យដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិ។

លោក បានបញ្ជាក់ថា «មន្ត្រីនគរបាល យុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញ ថាបទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់»។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានឱ្យដឹងថា បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលចាំបាច់ត្រូវបន្តទប់ស្កាត់ និងបង្ក្រាប។ លោកបានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្ត ច្បាប់ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ និងប្រកបដោយការទទួល ខុសត្រូវនិងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនិងជាពិសេស ទប់ស្កាត់និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕

To Top