ព័ត៌មានជាតិ

កម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ផ្ដល់សុខុមាលភាព ខាងស្មារតី ទាំងផ្លូវកាយ និងផ្លូវចិត្ត

កំពត៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងបង្ហាញការគាំទ្រយ៉ាងយកចិត្តទុកដាក់ពេញទំហឹង ពីសំណាក់ លោក អ៊ុក សមវិទ្យាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៥-៦ ខែធ្នូឆ្នាំ២០២២នេះ បងប្អូនដែលជាសមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ការងារ រហូតដល់ធ្លាក់ខ្លួនពិការជាច្រើនរូប បានចូលរួមកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ក្នុងដំណើរកំសាន្ត ឆ្ពោះទៅកាន់ខេត្តកំពត និងឆ្នេរសមុទ្រកែប ដែលនេះជាឱកាសដ៏ពិសេសមួយសម្រាប់ឱ្យក្រុមការងារ ប.ស.ស. ក្នុងការបង្ហាញសកម្មភាពយ៉ាងស្អិតរមួត ជាមួយបងប្អូនជនពិការ ដែលជាសមាជិកប.ស.ស.  ព្រមទាំងបង្កើតអនុស្សាវរីយ៍នានា ក្នុងការពិសារម្ហូបអាហារឆ្ងាញ់ៗ និងបានទស្សនាទេសភាព និងឆ្នេរធម្មជាតិដ៏ស្រស់ស្អាត របស់កម្ពុជាផងដែរ។

ពាំនាំអនុសាសន៍ លោកប្រតិភូរាជរដ្ឋាភិបាល លោកស្រី ភឿន មិនា ប្រធានការិយាល័យ ផ្តល់សេវាសង្គម នៃនាយកដ្ឋានស្តារនីតិសម្បទា បានឱ្យដឹងថា៖ កម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ខាងលើនេះ រៀបចំឡេីងដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្ដល់កម្លាំងចិត្ត នឹងបន្តប្ដេជ្ញាយកចិត្តទុកដាក់ខ្ពស់ដល់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតដល់ បាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ឬពិការភាពបង្កឱ្យមាន អារម្មណ៍បាក់ស្បាត ព្រមទាំងបាក់ទឹកចិត្តមិនអាចទទួលយក ស្ថានភាពពិការរបស់ខ្លួន ឱ្យអារម្មណ៍រីករាយ ស្រស់ស្រាយ  ជាពិសេសលើកទឹកចិត្ត កុំឱ្យមានអារម្មណ៍អៀនខ្មាស់ ចំពោះពិការភាពរបស់ខ្លួន និងលើកទឹកចិត្តឱ្យបងប្អូន ជនរួមជាតិយើងទាំងអស់រួមគ្នា បន្តលើកស្ទួយសុខុមាលភាពរបស់ខ្លួន ឱ្យកាន់តែប្រសើឡើង ព្រមទាំងកាន់តែស្រឡាញ់ខ្លួនឯងទ្វេឡើង តាមរយៈការវិលត្រឡប់ចូល ក្នុងសហគមន៍របស់យើងវិញ។

តាមរយៈកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. នាពេលនេះ បងប្អូនសមាជិក ប.ស.ស. ដែលជាជនពិការភាព បានបង្ហាញ ពីអារម្មណ៍ពេញចិត្តរបស់ខ្លួន ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះជនពិការ ក៏ដូចជាថ្នាក់ដឹកនាំប.ស.ស. បានរៀបចំដំណើរកំសាន្ដនាឱកាសនេះ ដែលបានផ្ដល់នូវការលើកកម្ពស់សិទ្ធិ និងសេរីភាព សុខុមាលភាពជនពិការព្រមទាំងផ្តល់នូវការគាំទ្រដោយគ្មានការរើសអើង ហើយក៏អាចធ្វើឱ្យជនពិការដូចជាពួកគាត់មានភាពក្លាហាន និងប្រឈមនឹងបច្ចុប្បន្នភាព​ ព្រមទាំងយល់ដឹង អំពីគុណតម្លៃរបស់ជនពិការ និងអំពីខ្លួនផ្ទាល់។

យោងតាមទិន្នន័យ របស់នាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ចាប់ផ្ដើមពីពេលអនុវត្តរបបសន្ដិសុខសង្គមតាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. មានសមាជិក ដែលបានរងគ្រោះថ្នាក់ការងារ រហូតធ្លាក់ខ្លួនជាជនពិការ និងកំពុងទទួលបានសេវា ស្តារនីតិសម្បទា រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងទៀតពី ប.ស.ស. សរុបចំនួន ២១៨៩នាក់។ 

តាមរយៈបទពិសោធន៍ នៃកម្មវិធីសមាហរណកម្មសង្គម របស់ខ្លួន និងភាពពេញចិត្ត ពីសមាជិក ប.ស.ស. ជាជនពិការ ក្នុងដំណើរកំសាន្ដនេះ ថ្នាក់ដឹកនាំនាយកដ្ឋានស្តារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា៖ ប.ស.ស. និងរៀបចំគម្រោងនេះ ជាបន្ដបន្ទាប់ទៀត ដើម្បីរួមចំណែកលើកកម្ពស់ ជនដែលពិការភាព៕

To Top