ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រកាស​ចាត់វិធានការ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលចំណាយថវិកា នៅកន្លែងកើតហេតុហើយរួចខ្លួន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានប្រកាសមិនគាំទ្រ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ណា ចំណាយថវិកានៅកន្លែងកើតហេតុហើយ រួចខ្លួន។

ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង បែបនេះក្រោយពីមាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយ លើស្ពានជ្រោយចង្វារ នាពេលថ្មីៗនេះ បានឯកភាពគ្នាសុំបញ្ចប់ សំណងរដ្ឋប្បវេណីចំនួន ២​៥០០ដុល្លារ ធ្វើឱ្យប្រជាពលរដ្ឋប្រតិកម្មយ៉ាងខ្លាំងចំពោះ ម្ចាស់រថយន្ដបង្កហេតុ។

ក្រោយបញ្ចប់ការប្រារព្ធទិវា អន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ដេច មានការសោកស្ដាយចំពោះ គ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ នាពេលថ្មីៗនេះ។ សម្ដេច គិតថា បញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋគ្រប់រូបចាំបាច់ បញ្ចៀសឱ្យបាននូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេច មានប្រសាសន៍ថា «ខ្ញុំ គិតថា មិនមែនជារឿងទូទៅទេ វាអាចថាកន្លែងខ្លះ ជាបុគ្គល ខ្ញុំ ក៏ចង់ព័ត៌មានជាក់លាក់ ដើម្បីចាត់វិធានាការ ឱ្យបានសមស្របដែរ។ ខ្ញុំ អត់គាំទ្រទេ រឿងចឹង»។

នាឱកាសនោះ សម្ដេច ស ខេង ក៏បានលើកឡើងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ភាគច្រើនមិនកែប្រែខុសពី ច្បាប់ចរាចរណ៍ផ្លូវគោកចាស់នោះទេ ប៉ុន្តែដោយសារ តែកន្លងមកមិនទាន់មានផ្លូវល្បឿនលឿន។ ដូច្នេះច្បាប់ថ្មីនេះត្រូវបន្ថែមជំពូកមួយចំនួន ទាក់ទងនិងផ្លូវល្បឿនលឿន នូវចំណុចពិសេសផ្នែកបច្ចេកទេស ទាក់ទងនិងសុវត្ថិភាពចរាចរណ៍មួយចំនួនទៀត។

ទាក់ទិននឹងការផាកពិន័យ ចំពោះអ្នកបើកបរប្រើគ្រឿងស្រវឹង គ្រឿងញៀនគឺទុក ឲ្យក្រសួងយុត្តិធម៌ជាអ្នកសិក្សាសម្រេច។
សម្តេច បញ្ជាក់ថា «ចំពោះការផាកពិន័យ ខ្ញុំគិតថា ទុកឱ្យក្រសួងយុត្តិធម៌ជាអ្នកសិក្សា ដើម្បីកំណត់ឱ្យមានស្តង់ដារបស់វា ប៉ុន្តែអ្វីដែលខ្ញុំ បញ្ជាក់អ្វីដែលយើងកំណត់សំខាន់ គឺយើងដាក់សារធាតុញៀនជាកាតព្វកិច្ច មិនមែនជាការភ្ញាក់រលឹកទេ»៕

To Top