ព័ត៌មានជាតិ

ហឹបសន្លឹកកិច្ចការប្រឡងបាក់ឌុប តាមមណ្ឌលប្រឡងរាជធានី-ខេត្ត បានដឹកមកដល់ភ្នំពេញ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ( បាក់ឌុប) តាមមណ្ឌលប្រឡងរា ជធានី-ខេត្ត បានដឹកមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតនៅរាជធានីភ្នំពេញ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នេះ បានបញ្ជាក់ថា «គិតត្រឹមម៉ោង២រសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានដឹកពីបណ្ដាខេត្តមកដល់មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ ព្រមទាំងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី – ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ»។

សូមរំលឹកថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះ បេក្ខជនចុះឈ្មោះប្រឡងចំនួន ១២៨១៣៥នាក់ ស្រី៦៨៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥១៧៤បន្ទប់។ ដំណើរការសំណេរ ត្រូវបានចូលរួមរៀបចំដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាចំនួន១៧ ២៤០នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន ២៧៥៦នាក់ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ចំនួន ៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានី-ខេត្តចំនួន ២៧០០នាក់។

ក្នុងនោះដែរ បេក្ខជនអវត្តមានចំនួន ២៤០០នាក់ (ត្រូវជា១,៨៧ភាគរយ នៃបេក្ខជនសរុប) (ស្រី១០៣៦នាក់។ បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ៤ករណី និងសង្ស័យវិជ្ជមានជំងឺកូរីដ-១៩ មាន ៤ករណី។ បេក្ខជន ដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន ៣ករណី។ គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន ១៤នាក់ ក្នុងនោះ ១នាក់ មានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕

To Top