ព័ត៌មានជាតិ

បិទមន្ទីរសម្រាកព្យាបាល ដើមអង្រ្គង​ ខណៈម្ចាស់ទីតាំង​ និងអ្នកប្រព្រឹត្ត​ទទួលខុសត្រូវ ចំពោះមុខច្បាប់

ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​ សម្រេច​បិទមន្ទីរសំរាកព្យាបាល ដើមអង្រ្គង​ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ បន្ទាប់ពីប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល ខណៈម្ចាស់ទីតាំងនិងអ្នកប្រព្រឹត្ត​ ទទួលខុសត្រូវចំពោះមុខច្បាប។

យោងតាមសេចក្ដីសម្រេចរបស់​ ក្រសួងសុខាភិបាល​ នាថ្ងៃទី៨​ ធ្នូ​ បានបញ្ជាក់​ថា​ “បិទ​ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង​ ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទ​ រស្មីជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្ដូរទីតាំងដោយ គ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល”។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង​ បន្ដថា​ ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសំរាកព្យាបាល ដើមអង្គ្រង និងអ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យខុសបច្ចេកទេស ក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

គួរបញ្ជាក់ថា មានករណីអ្នកជំងឺឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ ២២ ឆ្នាំ អាសយដ្ឋាន ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បានចូលមកសម្រាកនៅ គ្លីនិកដើមអង្គ្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ ១៨ សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពី គ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ។ ដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023