ព័ត៌មានជាតិ

ថៃ ចង់ឃើញកម្ពុជា ជាចំណុចកណ្តាល ក្នុងការដឹកជញ្ជូនទេសចរ ក្នុងតំបន់ 

ភ្នំពេញ៖ លោក ឈើតកៀត អាត់ថាកន ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា បានលើកឡើងថា ភាគីថៃចង់ឃើញកម្ពុជា ជាចំណុចកណ្តាល ក្នុងការដឹកជញ្ជូនទេសចរក្នុងតំបន់ លើប្រធានបទ ព្រះរាជាណាចក្រ ជាគោលដៅតែមួយ នៃវិស័យទេសចរណ៍ ដោយអនុវត្តតាមផែនការឆ្នាំ២០២៣-២០២៥ ខាងមុខ ផ្តោតសំខាន់លើការដឹកជញ្ជូន តាមផ្លូវសមុទ្រ ប្រកបដោយនិរន្តរភាព។

ការលើកឡើង របស់លោកទូតថៃ បែបនេះ ធ្វើឡើងក្នុងឱកាសលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យ ចូលជួបពិភាក្សាការងារ ជំរុញការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគថៃ មកទស្សនា​ និងវិនិយោគនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ជាពិសេសលើវិស័យទេសចរណ៍  នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

ក្នុងជំនួបនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពល និងវិទ្យាសាស្ត្ររបស់ខេត្ត ជាខេត្តតំបន់ឆ្នេរមានប្រជាពលរដ្ឋជាង ៣១ម៉ឺននាក់ មានក្រុង២ ស្រុក៣ ស្មើនឹង ២៩ឃុំ សង្កាត់ ខេត្តមានកោះ៣០ ថ្មដុះពីរ ថ្មប៉ប្រះទឹក៥ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ។ ខេត្តព្រះសីហនុត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥០ ក្រោយពីកម្ពុជាទទួលបានឯករាជ្យ ហើយមានការអភិវឌ្ឍកំពង់ផែសមុទ្រទឹកជ្រៅ មកដល់បច្ចុប្បន្ន កំពុងត្រូវបានធ្វើការអភិវឌ្ឍ ជាបន្តបន្ទាប់ដោយសហការជាមួយអង្គការ JICA ជប៉ុន ពង្រីកកំពង់ផែឱ្យមានជំរៅទឹកកាន់តែជ្រៅ ដើម្បីឱ្យនាវាធុនធំអាចចូលចតបាន។ 

លោកបន្ថែមថា ខេត្តមានព្រលានយន្តហោះ មានផ្លូវរត់វែងជាងគេរបស់កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេស ផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនពីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ផ្តល់ភាពទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ នេះជាមោទនភាពដែលកម្ពុជា មានផ្លូវល្បឿនលឿនទីមួយ។ 

លោក គួច ចំរើន បានជំរាបជូនបន្តថា រាជរដ្ឋាភិបាលបានអនុគ្រោះ ដល់ការអភិវឌ្ឍទាក់ទាញភ្ញៀវទេសចរ និងវិនិយោគ ហើយមានជនបរទេសចម្រុះជាតិសាសន៍មកបំរើការងារនៅខេត្តព្រះសីហនុ ទាំងខុសច្បាប់ និងស្របច្បាប់ ក្នុងនោះក៏មានជនជាតិថៃផងដែរ។ យើងក៏បានធ្វើការដោះស្រាយលើល្បែងស៊ីសងខុសច្បាប់ មានភាពល្អប្រសើរ ដោយអនុវត្តតាមវិធានការច្បាប់ និងស្រាវជ្រាវគោលដៅសំអាតប្រាក់ជាដើម។

លោកអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតទំនាក់ទំនងខេត្តបងប្អូន ជាមួយប្រទេសថៃចំនួន២ខេត្ត គឺខេត្តត្រាត និងខេត្តច័ន្ទបុរី។ ខេត្តត្រាតបានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពីការបង្កើតទំនាក់ទំនង ជាផ្លូវការលើការបង្កើតខេត្តសម្ព័ន្ធមេត្រីភាព។ រដ្ឋាភិបាលថៃ បានផ្តល់ថវិកាជួយសាងសង់មជ្ឍមណ្ឌលបន្សាប់គ្រឿងញៀននៅខេត្តព្រះសីហនុ ធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែជិតស្និត។

ក្នុងឱកាសនោះលោក គួច ចំរើន បានស្នើសុំភាគីថៃ ជួយបណ្តុះបណ្តាលឆ្មាំសមុទ្រកម្ពុជា ដើម្បីជួយសង្គ្រោះជនរងគ្រោះ នៅតាមបណ្តោយឆ្នេរ ម្យ៉ាងទៀតខេត្តព្រះសីហនុ និងប្រទេសថៃមានសក្តានុពល ដូចគ្នាខាងវិស័យទេសចរណ៍ និងដឹកជញ្ជូនក្នុងតំបន់អាស៊ាន។

ជាការឆ្លើយតប លោក ឈើតកៀត អាត់ថាកន ឯកអគ្គរាជទូតនៃស្ថានទូតថៃ ប្រចាំកម្ពុជា បានថ្លែងអំណរគុណអភិបាលខេត្ត ថ្វីត្បិតតែលោកអភិបាលខេត្ត ជាប់រវល់និងរៀបចំបុណ្យសមុទ្រ ក៏ឱ្យលោក និងសហការរីចូលជួបពិភាក្សាការងារ ហើយនេះជាខេត្តដំបូងគេ ដែលលោកបានមកធ្វើទស្សនកិច្ច និងចូលរួមបុណ្យសមុទ្រ។ 

លោកសង្ឃឹមថា តាមរយៈការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ពិសេសក្នុងឱកាសបុណ្យសមុទ្រ ស្ថានទូតថៃ និងនាំយកក្រុមហ៊ុនថៃ មកចូលរួមការតាំងពិព័រណ៍ នៅខេត្តព្រះសីហនុ ទន្ទឹមនោះនាំយកសិល្បៈខេត្តច័ន្ទបុរី មកចូលរួមសំដែងផងដែរ។

លោក ឈើតកៀត អាត់ថាកន បានថ្លែងអំណរគុណ រដ្ឋបាលខេត្តព្រះសីហនុ ដែលបានបង្កើតខេត្តបងប្អូន ជាមួយខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃ និងស្នើសុំឱ្យរដ្ឋបាលខេត្ត ដាក់លិខិតទៅស្ថានទូតថៃ ពាក់ព័ន្ធនិងកង្វល់ និងបញ្ហាផ្សេងៗ ក្នុងការចុះ MOU ជាមួយខេត្តច័ន្ទបុរី ប្រទេសថៃ ជាខេត្តបងប្អូន។ 

លោកទូតថៃរូបនេះ បានបញ្ជាក់ថា «ការតភ្ជាប់ខេត្តប្រទេសទាំងបី ថៃ កម្ពុជា និងវៀតណាម បង្កើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក មានសារៈសំខាន់ យើងចង់ឃើញកម្ពុជា ជាចំណុចកណ្តាល ក្នុងការដឹកជញ្ជូនទេសចរក្នុងតំបន់ លើប្រធានបទ ព្រះរាជាណាចក្រ ជាគោលដៅតែមួយ នៃវិស័យទេសចរណ៍ ដោយអនុវត្តតាមផែនការឆ្នាំ២០២៣-២០២៥ ខាងមុខ ផ្តោតសំខាន់លើការដឹកជញ្ជូន តាមផ្លូវសមុទ្រ ប្រកបដោយនិរន្តរភាព៕

To Top