ព័ត៌មានជាតិ

សម្តេចតេជោ ស្នើក្លឹបឆ្នេរសមុទ្រស្អាតបំផុត លើសកលលោក ពិចារណាដាក់លក្ខខណ្ឌ កុំឲ្យប្រើថង់ប្លាស្ទីក តាមឆ្នេរសមុទ្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឲ្យក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក ពិចារណាដាក់លក្ខខណ្ឌ មួយបន្ថែមទៀតគឺកុំឲ្យមានការ ប្រើប្រាស់ថង់ប្លាស្ទីក នៅតាមឆ្នេរសមុទ្រស្អាតបំផុត លើសកលលោក ។

សម្ដេចតេជោ ថ្លែងស្នើសុំបែបនេះក្នុងឱកាស ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតបំផុត លើសកលលោក ដឹកនាំដោយលោក មីឆែល ប៊ូសូល ប្រធានក្លឹបក្នុងឱកាស ចូលរួមមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសាកល លោក និងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នាថ្ងៃទី១០ ធ្នូ។

ជាមួយគ្នានោះ សម្តេចតេជោបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់ការគោរព រាល់លក្ខខណ្ឌជាសមាជិកភាព ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ។

ក្នុងឱកាសនោះ ប្រធានក្លឹបឆ្នេរសមុទ្រស្អាតបំផុត បានគោរពវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ របស់សម្ដេចតេជោ ក្នុងការគ្រប់គ្រងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អ នាំទៅដល់ការបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ការទទួលថ្នាក់ដឹកនាំកំពូលៗ មកពីតំបន់និងពិភពលោក មកប្រជុំកំពូលនៅរាជធានីភ្នំពេញ និងនៅពេលនេះរៀបចំដឹកនាំ មហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក នៅខេត្តព្រះសីហនុ ៕

To Top