ព័ត៌មានជាតិ

សម្តេចតេជោ ឱ្យពលរដ្ឋរួមគ្នា ការពារសន្តិភាព ដោយមិនត្រូវឱ្យប្រទេសណាមួយ មកបំផ្លាញឡើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋរួបរួមគ្នា ដើម្បីរក្សាការពារសន្តិភាព ដែលរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយ មកបំផ្លាញសន្តិភាព នៅក្នុងប្រទេសនេះទេ។

នាឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោបានឱ្យដឹងថា ឥឡូវ កម្ពុជាចាប់ផ្តើមទទួលភ្ញៀវជាតិ និងអន្តរជាតិនៅគ្រប់ទីកន្លែងទាំងអស់ជាបណ្តើរៗ ជាមួយនឹងការគ្រប់គ្រងដោយជោគជ័យលើសមរភូមិជំងឺកូវីដ-១៩។ សម្ដេចថា គ្មានសន្តិភាពគ្មានការអភិវឌ្ឍ, គ្មានសន្តិភាព វាក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព វាក៏គ្មានអ្វីៗទាំងអស់។

សម្ដេចតេជោបញ្ជាក់ថា «ដូច្នេះ ខ្ញុំសុំស្នើឱ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជារួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាព ដែលយើងរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុងប្រទេសនេះទេ ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពនេះឱ្យខានតែបានដើម្បីធានាដល់ការអភិវឌ្ឍ»។

សម្ដេចតេជោបន្ដថា ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់។ សន្តិភាព ជាក្របខណ្ឌម៉ាក្រូ ឯបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម វាជាក្របខណ្ឌម៉ាក្រូផង និងមីក្រូផង។ ក្នុងន័យនេះ តំបន់ទេសចរណ៍ទាំងអស់មិនគ្រាន់តែខេត្តព្រះសីហនុ តែតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងគ្រប់ទីកន្លែង ដែលមានភ្ញៀវទេសចរទៅ គឺត្រូវខិតខំរក្សាឱ្យបាន នូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ឆ្លៀតឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យវិស័យទេសចរណ៍ និងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ទាំងការតភ្ជាប់តាមផ្លូវគោក និងតាមផ្លូវដែក និងតាមផ្លូវអាកាស។

សម្ដេចក៏ជំរុញការផលិតដើម្បីផ្គត់ផ្គង់ដល់ទេសចរដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង»។ ប្រជាពលរដ្ឋមានឱកាសច្រើន ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រលប់មកកម្ពុជាវិញជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ៕

To Top