ព័ត៌មានជាតិ

សម្ដេច ស ខេង៖ ព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ បានចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស ធ្វើជាទាសភាព ក្នុងសម័យទំនើប

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ បានចូលរួមសកម្មភាពជាតិសំខាន់ៗ ព្រមទាំងទប់ស្កាត់ការជួញដូរមនុស្ស ធ្វើជាទាសភាព ក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទឱ្យលើក កំពស់តម្លៃរបស់មនុស្សជាតិ។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យខួបឆ្នាំទី៣១ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (៧ ធ្នូ ១៩៩១-៧ ឆ្នូ ២០២២) ប្រារព្ធនៅវត្តបទុមធម្មយុត្ត ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១១​ ធ្នូ សម្ដេច ស ខេង បានបញ្ជាក់ថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានបម្រើផ្នែកជំនឿដល់ ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ មិនតែប៉ុណ្ណោះព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយនេះ ជាផ្នែកមួយដ៏សំខាន់បំផុត ក្នុងការចូលរួមរក្សាការពារ សន្តិភាព នៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេច មានប្រសាសន៍ថា «ព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ បានចូលរួមក្នុងសកម្មភាពជាតិ សំខាន់ៗមួយចំនួនមានជាអាទិ៍៖ ការទប់ស្កាត់ការជួញដូរមនុស្សធ្វើជាទាសភាព ក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទឱ្យលើកកំពស់តម្លៃ របស់មនុស្សជាតិ ការពារ និងរក្សាសន្តិភាពជាតិ មិនបង្កអសន្តិសុខដល់សង្គមជាតិ និងធ្វើសកម្មភាព មនុស្សធម៌ផ្សេងៗ តាមគន្លង នៃព្រះធម៌ នៃព្រះពុទ្ធសាសនា។

សម្ដេច បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយចំពោះ សាសនា បានយ៉ាងត្រឹមត្រូវ និង យ៉ាងទូលំទូលាយ ដោយមិនអនុញ្ញាតឲ្យមានការរើសអើង មិនប្រកាន់ពូជសាសន៍ មិនប្រកាន់ពណ៌សម្បុរ និងមិនប្រកាន់ជំនឿសាសនាអ្វីទាំងអស់ និងបានប្រកាន់ខ្ជាប់នូវការអប់រំ ពិសេសអប់រំស្រទាប់យុវជន និងកុមារ ឲ្យយល់ដឹងច្បាស់លាស់ អំពីតម្លៃដ៏វិសេសវិសាលនៃព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណី និងទំលៀមទំលាប់ខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ ដែលត្រូវតែចូលរួមថែរក្សា លើកតម្កើង អភិវឌ្ឍ ព្រមទាំងកាត់បន្ថយជាបណ្តើរៗ នូវឥទ្ធិពលជាអវិជ្ជមាននៃវប្បធម៌ ដែលជ្រៀតចូលពីបរទេស។

លើសពីនេះ សម្ដេច ស ខេង បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក៏បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកក្នុងចំណោម ប្រជាពលរដ្ឋដែលកាន់សាសនា ខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឲ្យក្លាយទៅជាកម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម៕

To Top