ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ប្រកាសបើកប្រឡងប្រជែងស្នាដៃភាព យន្តខ្នាតខ្លី ជាជំហានឆ្ពោះ ទៅកាន់ភាពយន្តខ្នាតវែង

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបើកប្រឡងប្រជែង ស្នាដៃភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង ក្នុងគោល បំណង ជំរុញលើកទឹកចិត្តដល់យុវជន ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិត សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ វិស័យភាពយន្តជាតិ។

ខណៈមហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២នេះ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង»។

ក្នុងសន្នីសីទសារព័ត៌មាន ស្ដីពីភាពយន្ដខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្ដខ្នាតវែង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅរោងភាពយន្តលេជិន លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានលើក ឡើងថា «មហោស្រពជាតិភាព យន្តខ្នាតខ្លីលើកទី៣ រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយពិធី បើកមហោស្រព គឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥រសៀល និងពិធីបិទមហោស្រពនឹងធ្វើ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥រសៀលដូចគ្នា» ។

លោកបន្ដថា ចាប់តាំងពីថ្ងៃទទួលពាក្យស្នើសុំ ចូលរួមប្រកួតប្រជែង គណៈកម្មការរៀបចំមហោស្រព បានទទួលស្នាដៃភាពយន្តខ្នាតខ្លី សុំចូលប្រកួតប្រជែងចំនួន ៣៥ស្នាដៃ ក្នុងនោះ មាន ៤ស្នាដៃ គឺជាស្នាដៃរបស់សិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ជំនាញផលិតភាពយន្តខ្នាតខ្លី (Cambodia Film Lab)ដែលរៀបចំដោយនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងធ្វើការដឹកនាំបណ្តុះបណ្តាលដោយលោក Deependra Gauchan ។

លោកបន្ថែមថា វគ្គបណ្តុះបណ្តាលផ្តោតលើមុខវិជ្ជា ៣សំខាន់ គឺ មុខវិជ្ជា សរសេរអត្ថបទនិពន្ធភាពយន្ត (Script), មុខវិជ្ជា ដឹកនាំរឿង(Directing) និងថតភាពយន្ត (Cinematography) ដែលចាប់ផ្តើមតាំងពីខែ កញ្ញា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះស្នាដៃ ភាពយន្តទាំងអស់នឹង ឆ្លងកាត់ការពិនិត្យវាយតម្លៃជា ២ដំណាក់កាល ដោយអនុគណៈកម្មការមេប្រយោគ របស់មហោស្រព។

នាឱកាសនោះ លោក ឯក ប៊ុនថា អគ្គនាយករង អគ្គនាយកដ្ឋាន បច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ បានអបអរសាទរ ចំពោះការបង្កើតស្នាដៃថ្មីៗ របស់យុវផលិតករវ័យក្មេងដែលបានចំណាយពេលពីការរៀនសូត្រ មកចូលរួមផលិតស្នាដៃភាពយន្ត ហើយក៏កោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មការរៀបចំមហោស្រព ។ ក្នុងនោះលោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការ និងក្រុមហ៊ុននានាដែលបានឧបត្ថម្ភគាំទ្រ ដល់ដំណើរការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣ ឆ្នាំ២០២២ នេះ។

សូមបញ្ជាក់ថា ភាពយន្តខ្នាតខ្លីទាំង៣៥ស្នាដៃនេះ នឹងអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនា ព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃ ដែលខ្លួនពេញចិត្តផងដែរ។ កម្មវិធីបញ្ចាំងមានផ្សព្វផ្សាយ តាមហ្វេសប៊ុកផេក របស់មហោស្រព និងវេបសាយមហោស្រពផងដែរ ។
លើសពីនេះ ក្រៅពីការចាក់បញ្ចាំងភាពយន្តខ្នាតខ្លី ប្រកួតប្រជែងទាំង៣៥ស្នាដៃ ។ លើសពីនេះ មហោស្រពក៏មានការចាក់បញ្ចាំងស្នាដៃភាពយន្តឯកសារខ្លី ចំនួន៣៣ស្នាដៃ បង្ហាញពីជីវិត ប្រពៃណី វប្បធម៌ ក៏ដូចជាបរិស្ថាន រស់នៅតាមដងទន្លេមេគង្គកម្ពុជា។

ភាពយន្តឯកសារខ្លីទាំងនេះ ផលិតដោយសិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលជំនាញ ផលិតភាពយន្តឯកសារ ដែលរៀបចំដោយមជ្ឈមណ្ឌលធនធាន សោតទស្សន៍បុប្ជាណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ក្រៅពីការបញ្ចាំងភាពយន្ត គណៈកម្មការ រៀបចំមហោស្រព នឹងរៀបចំសិក្ខាសាលា ភាពយន្តសំខាន់ៗ ចំនួន៣ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗ ប្រកបដោយបទពិសោធន៍ ព្រមទាំងផលិតករថ្មី ចាស់ជាច្រើនរូប៕

To Top