ព័ត៌មានជាតិ

គម្រោងសាងសង់ស្ពាន ឆ្លងទន្លេមេគង្គនៅក្រចេះ និងគម្រោងផ្លូវជាតិលេខ៧ គ្រោងបើកការដ្ឋាន ដើមខែមករា ក្រោមអធិបតីភាពសម្តេចតេជោ

ភ្នំពេញ ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពីការរៀបចំ កម្មវិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពាន ទន្លេមេគង្គខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាព ផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) ក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលចិន គ្រោងនឹងប្រព្រឹត្តទៅ នាដើមខែមករា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាគណៈកម្មាការ និងអនុគណៈកម្មការ សម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាន នូវគម្រោងទាំងពីរខាងលើ ដើម្បីឱ្យការដឹកនាំគ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបាន ដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារ ទៅតាមបំណែងចែកការងារ ដែលមាននៅក្នុងលិខិតបង្គាប់ការ។

អង្គប្រជុំបានពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ទៅលើចំណុចសំខាន់ៗដូចជា ៖ ការរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំ ការជ្រើសរើសទីតាំង ក្នុងការរៀបចំកម្មវិធី ការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិអន្តរជាតិ ព្រមទាំងការរៀបចំចងក្រងទិន្នន័យព័ត៌មាន រូបភាព និងវីដេអូ ឯកសារជាដើម ដើម្បីដាក់ជូនទៅខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី គោរព ស្នើសុំគោលការណ៍ ក្នុងការបញ្ចេញខ្លឹមសារផ្សព្វផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចផ្ទាល់ ។

នាឱកាសនោះ លោករដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ក៏បានធ្វើការផ្តាំផ្ញើដល់អនុប្រធានគណៈកម្មការ សមាជិកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ត្រូវទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែន សមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីឱ្យការរៀបចំពិធីប្រកាស បើកការដ្ឋានគម្រោងទាំងពីរនេះ អាចសម្រេចទៅបានប្រកបដោយជោគជ័យ ៕

To Top