ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ៖ ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុ នៅក្នុងការទិញ លក់ បានឡើយ

ព្រៃវែង ៖ លោក ចាយ សាមិត្ត រដ្ឋលេខាធិកាក្រសួងបរិស្ថានបានថ្លែងថា ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុ នៅក្នុងការទិញលក់បានឡើយ ។ 

លោកថា រាល់ការបញ្ជាក់ទទួលស្គាល់ដឹងឮ លើលិខិតទិញលក់ដីនៅក្នុងតំបន់ ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោល ជាអាសារបង់ ហើយបុគ្គលដែលពាក់ព័ន្ធទាំងអស់ត្រូវ ទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ។

ការថ្លែងបែបនេះរបស់ លោកឆាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ខណៈដែលលោកតំណាង លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងសិក្ខាសាលា “ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ” ដែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តព្រៃវែង ។

សិក្ខាសាលនេះមានការចូលរួមពីលោក ឌុច គន្ធា អភិបាលរងខេត្ត តំណាងលោកជា សុមេធី អភិបាលខេត្ត ព្រមទាំងមន្ទីរអង្គភាព អភិបាលស្រុក  ឃុំ សង្កាត់ កងកម្លាំងទាំងបីសាលាដំបូងខេត្តផងដែរ។

លោកបានបន្ថែមថា មន្ត្រីអនុវត្តច្បាប់ ទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ គឺជាតួអង្គដ៏សំខាន់ក្នុងការចូលរួមសហការ និងការពារតំបន់ធនធានធម្មជាតិស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ ។

លោក រដ្ឋលេខាធិការ បានបន្តថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់នៅក្នុងថ្ងៃនេះ បង្កើតឡើងក្រោមការ ផ្តួចផ្តើម គំនិតរបស់លោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំឱ្យមានសិក្ខា សាលា ”ផ្សព្វផ្សាយ ច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធាធម្មជាតិ “ នៅខេត្តព្រៃវែង ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដែលមកពីខេត្តព្រៃវែង ក្នុងគោលបំណង បញ្ជ្រាបចំណេះដឹង និងពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងផ្សព្វផ្សាយអំពីច្បាប់ ពាក់ព័ន្ធនឹងការការពារគ្រប់គ្រង និង អភិរក្ស បរិស្ថាននិងធនធានធម្មជាតិ និងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ គ្នាទៅវិញទៅមក ។ 

លោករដ្ឋលេខាធិការ បន្ថែមថា នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង មានតំបន់ការពារធម្មជាតិចំនួន ១កន្លែង គឺតំបន់ប្រើប្រាស់ច្រើន យ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលចាំបាច់ត្រូវការពារ និងអភិរក្សយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីជាឧត្តម ប្រយោជន៍ចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ៕

To Top