ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញប្រារព្ធ ទិវាជាតិប្រឆាំង ការជួញដូរមនុស្ស ១២ ធ្នូ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីទិវាជាតិ ប្រឆាំងការជួះដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់ អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព» នៅសាលមហោស្រពកោះពេជ្រ ។

ទិវាជាតិនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភទ អាជ្ញាធរថ្នាក់ក្រោមជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ស្ថានតំណាងប្រចាំនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិអន្តរជាតិ អង្គការសង្គមស៊ីវិល តំណាងគ្រប់និកាយសាសនា សាស្ត្រាចារ្យ សិស្ស និស្សិត បញ្ញាវ័ន្ត និងវិស័យឯកជន ប្រមាណជាង ៣០០០ អង្គ/នាក់។

គួរបញ្ជាក់ថា ទិវាជាតិប្រឆាំង ការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៩ នាពេលនេះ ធ្វើឡើងក្នុងគោល បំណងបង្ហាញស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប និងការការពារសិទ្ធិមនុស្ស នៅកម្ពុជា ជាការបំផុសការយល់ដឹង យ៉ាងទូលំទូលាយ អំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការនៃអំពើជួញដូរមនុស្ស, ផ្សព្វផ្សាយ អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសុវត្ថិភាព និងការអភិវឌ្ឍជាតិ ។ ទាំងនេះជាការរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គម និងសន្តិភាពជាតិ ឱ្យមានស្ថិរភាព ដើម្បីធ្វើជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិគ្រប់វិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាពតាមការគ្រោងទុក ៕

To Top