ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តកម្ចី និង ថវិកាវិនិយោគសរុប ៧៣លានដុល្លារ ដើម្បីគាំទ្រអន្តរកម្ម ថាមពលរបស់កម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍ តាមវិស័យមួយ ដែលរួមបញ្ចូលកម្ចីផ្អែក លើគោលនយោបាយចំនួន ៥0 លានដុល្លារ និងការវិនិយោគគម្រោងចំនួន ២៣លានដុល្លារ ដើម្បីគាំទ្រអន្តរកម្ម ថាមពលរបស់ប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោល នយោបាយដ៏ទូលំទូលាយដំបូង របស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជា ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយប្រាក់កម្ចីចំនួន ៤0 លានដុល្លារ ពីធនធានសម្បទានរបស់ADB និងប្រាក់កម្ចីចំនួន ១0 លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុ កាតាលីករបៃតងអាស៊ាន (ACGF)។

សម្រាប់ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣ លានដុល្លារនោះ កម្មវិធីបង្កើនថាមពល កកើតឡើងវិញ សម្រាប់កម្ពុជា របស់មូលនិធិវិនិយោគ អាកាសធាតុ នឹងផ្តល់ប្រាក់ កម្ចីចំនួន ៦ លានដុល្លារ និង ជំនួយចំនួន ៥ លានដុល្លារ ដែលជាហិរញ្ញប្បទានអាកាសធាតុ ហើយមូលនិធិអាកាសធាតុ បៃតងនឹង បន្ថែមប្រាក់កម្ចីចំនួន១២ លានដុល្លារ តាមរយៈកម្មវិធីការស្តាឡើងវិញបៃតង នៃហិរញ្ញវត្ថុ កាតាលីករ បៃតងអាស៊ាន។ ថវិកាទាំងអស់នឹងត្រូវគ្រប់គ្រង ដោយ ADB ។

កម្មវិធីនេះគាំទ្ររបៀបវារៈ នៃអន្តរកម្មរថាមពល របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនថាមពលកកើតឡើងវិញ និងប្រសិទ្ធភាព ថាមពល និង ផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។ វាបង្កើតការធ្វើផែនការ និងបទបញ្ញាតិ្តដោយប្រើទិន្នន័យ សម្រាប់ប្រព័ន្ធថាមពល ដើម្បីបង្កើនភាពបត់បែននិងភាពធន់ និង ពង្រឹងការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការ យុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ។

លោក Pradeep Tharakan ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវស័យសាធារណៈ សម្រាប់មហាអនុតំបន់មេគង្គរបស់ ADB មានប្រសាសន៍ថា «កម្មវិធីនេះរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានផលជាអតិបរមា។ វាត្រូវបានរំពឹងថានឹងត្រួសត្រាយផ្លូវ សម្រាប់ការវិនិយោគក្នុងវិស័យសាធារណៈ និង ឯកជនជាមួយបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពល និងថ្មផ្ទុក។ វាក៏នឹងជួយកំណត់គោលដៅ ថាមពលស្អាតសម្រាប់ ប្រទេស និង រួមបញ្ចូលការអភិវឌ្ឍថាមពលនិងការធ្វើផែនការប្រើប្រាស់ថាមពល ដែលប្រសើរក្នុងវិស័យផ្សេងៗ រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ឆ្លើយតបនឹងអាកាសធាតុផងដែរ»។

សូមបញ្ជាក់ថា ការវិនិយោគគម្រោង ក្រោមកម្មវិធីនេះ នឹងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ រួមទាំងការអភិវឌ្ឍប្រព័ន្ធថ្ម ផ្ទុកថាមពល ដែលភ្ជាប់នឹងបណ្តាញអគ្គិសនីដំបូងគេ របស់ប្រទេស ដែលនឹងផ្តល់លទ្ធភាពបន្ថែមឱ្យប្រភព កកើតឡើងវិញតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនី និង កែលម្អស្ថិរភាពបណ្តាញអគ្គិសនីសម្រាប់អ្នកប្រើប្រាស់។ ការវិនិយោគនេះ ក៏រួមបញ្ចូលនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវ ប្រកបដោយប្រសិទ្ធភាពក្នុងកម្រិតទីរួមខេត្ត នៅកំពត និងកែប ដែលនឹងនាំដល់ការសន្សំសំចៃ និងអត្ថប្រយោជន៍ សម្រាប់វិស័យទេសចរណ៍ និង សុវត្ថិភាពសាធារណៈ។ តាមរយៈកំណែទម្រង់គោលនយោបាយ ការផលិតអគ្គិសនី កកើតឡើងវិញត្រឹម ២០២៧ ត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងហោចណាស់ ២៥% ពីកម្រិតមូលដ្ឋាន ៤ ៦៧២ ជីហ្គាវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២១៕

To Top