ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រី ស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញបញ្ចុះបឋម សិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម និងផ្សាររាត្រី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គម្រោងសាងសង់វិមានឯករាជ្យនេះ មានផ្ទៃដីសរុបចំនួន ៩៦២ម៉ែត្រ មានខឿនទម្របាតក្រោម ដែលមានអង្កត់ផ្ចិត ៣៥ម៉ែត្រ និងកម្ពស់ ២២,២៣ម៉ែត្រ មានអាងបាញ់ទឹក៤ មានកម្ពស់ ០,៨ម៉ែត្រ អមជុំវិញវិមានឯករាជ្យ។

សម្រាប់គម្រោងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ធ្វើនៅលើផ្ទៃដីប្រមាណ ១៣.៦០០ម៉ែត្រ ចែកជា ៥តំបន់ ផ្សេងៗពីគ្នា មានដូចជា ទី១-តំបន់នាគបាញ់ទឹក តំបន់រីករាយ (កន្លែងថតរូប), ទី២-តំបន់សន្តិភាពស្ងប់ស្ងាត់ និងសុខសាន្ត, ទី៣-តំបន់រំលឹកប្រវត្តិសាស្ត្រ, ទី៤-តំបន់នាគសន្តិភាព ឬតំបន់រំលឹកគុណសន្តិភាព និងទី៥- តំបន់រង់ចាំ ។

ដោយឡែក គម្រោងផ្សាររាត្រីក្រុងបាត់ដំបង សាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២.៤២៥ម៉ែត្រការ៉េ មានចម្ងាយប្រមាណ ៥០០ម៉ែត ពីទីតាំងវិមានឯករាជ្យ។ ផ្សាររាត្រីនេះ មានទ្វារចេញចូលចំនួន៣ ទ្វារធំមួយ និងទ្វារតូចពីរ ព្រមទាំងមានសួនផ្កានៅចំកណ្តាល ដែលមានផ្លូវដើរទៅមក ព្រមទាំងមានកន្លែងអង្គុយសម្រាប់ញ៉ាំអាហារផងដែរ។

សូមបញ្ជាក់ថា គម្រោងទាំង ៣ខាងលើ គឺគ្រោងសាងសង់រយៈពេល ៦ខែកន្លះ បន្ទាប់ពីការបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះទៅ នឹងគ្រោងបញ្ចប់ នាថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣ ខាងមុខ៕



