ព័ត៌មានជាតិ

កម្ពុជា កំពុងធ្វើដំណើរយ៉ាងសកម្ម ដើម្បីប្រែក្លាយប្រទេស ឲ្យមានចំណូល មធ្យមកម្រិតខ្ពស់

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង ប្រាប់ទូតអង់គ្លេសថា កម្ពុជា កំពុងប្រឹងប្រែងធ្វើដំណើរយ៉ាង សកម្មឥតឈប់ឈរ ក្នុងការប្រែក្លាយកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោក Dominic Williams ឯកអគ្គរាជរដ្ឋទូតអង់គ្លេសថ្មីប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា កម្ពុជាកំពុងអនុវត្តក្របខណ្ឌគោល នយោបាយបឋមស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ ដោយនឹងរួមបញ្ចូល នូវអំពីការគិតគូរអំពីការអភិវឌ្ឍន៍ ឧបករណ៍ហិរញ្ញវត្ថុ ដែលឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុផងដែរ។

លោកបញ្ជាក់ថា «កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាងសកម្មឥតឈប់ឈរ ដើម្បីសម្រេចបាននូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព ដើម្បីតម្រង់ទិសឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ទៅក្លាយជា ប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅស្របតាមគន្លងមាគ៌ា អភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ។

លើសពីនេះ ឧបនាយករដ្ឋមន្ដ្រីបន្ថែមថា កម្ពុជា នៅតែត្រូវការការគាំទ្រផ្នែកហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ពីដៃគូអភិវឌ្ឍន៍នានាដល់កម្ពុជា រួមទាំងចក្រភពអង់គ្លេស និងកិច្ចសហប្រតិបត្តិការ ទាំងពាណិជ្ជកម្ម និងការវិនិយោគពីចក្រភពអង់គ្លេសជាបន្តទៀត។

នាឱកាសនោះ លោកទូតបញ្ជាក់ថា ចក្រភពអង់គ្លេស នឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងស៊ីជម្រៅ ពិសេស ការពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ចក្រភពអង់គ្លេសផ្តោតលើវិស័យសក្ដានុពល ដូចជា សេវាកម្មហិរញ្ញវត្ថុ, វិស័យអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ និងធានារ៉ាប់រង ពិសេសមូលបត្របៃតង ដែលអាចជំរុញនូវកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ។

លោក បន្ដថា ចក្រភពអង់គ្លេស ជាប្រទេសមាន បទពិសោធន៍ជាច្រើន លើសេវាកម្មហិរញ្ញវត្ថុ និងមានទីផ្សារហិរញ្ញវត្ថុធំ ដែលអាចក្លាយជាដៃគូ វិនិយោគរបស់កម្ពុជា ស្របពេលដែលកម្ពុជា កំពុងមានត្រូវការអភិវឌ្ឍលើវិស័យទាំងនោះ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕

To Top