ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វក្រៀលចំនួន ២៦ក្បាល បានមកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅរហូតមកដល់ពេលនេះ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្រសួង បរិស្ថាន បាននិងកំពុងសហការ ជាមួយអង្គការជីវិតធម្មជាតិ នៅកម្ពុជាក្នុងការតាមដាន និងការពារទីជម្រកសត្វក្រៀល កំពុងរងគ្រោះជិតផុតពូជនេះ ។
យោងតាមលទ្ធផលជំរឿនសត្វក្រៀលឆ្នាំ២០២០ កម្ពុជាមានសត្វក្រៀលចំនួន ១៩៤ក្បាល។ នៅឆ្នាំ២០២១ ចំនួនសត្វក្រៀល មានការធ្លាក់ចុះនៅសល់តែ ១៦៤ក្បាល ហើយនៅឆ្នាំ២០២២នេះ របាយការណ៍បណ្តោះអាសន្ន ចំនួនសត្វក្រៀលបា បន្តធ្លាក់ចុះនៅសល់ត្រឹមជាង ១៥០ក្បាលទេ។
លើសពីនេះ យោងតាមការសិក្សារបស់អ្នកជំនាញ ចំនួនសត្វក្រៀលនៅលើពិភពលោកសព្វថ្ងៃនេះ មានចន្លោះពី ១៣០០០ ទៅ ១៥០០០ ក្បាល ដែលរស់នៅក្នុងប្រទេសឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវ និងកម្ពុជា។ សត្វក្រៀល មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើសិនបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប នឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។
ក្រសួងបរិស្ថាន បានបន្ថែមថា នៅក្នុងទ្វីបអាស៊ី សត្វក្រៀល គឺ ជានិមិត្តរូប នៃជោគវាសនាល្អ និងអាយុយឺនយូរ ។ ពួកវាក៏ត្រូវបានគេគិតថា ជានិមិត្តរូប នៃមនោសញ្ចេតនា ស្នេហាស្ម័គ្រស្មោះ ដោយយោង ទៅតាមការភ្ជាប់ចំណង មេត្រីភាពរបស់ពួកវា ។ នៅក្នុងប្រទេសភូមា សត្វក្រៀល ត្រូវបានគេឃើញមាន ក្នុងពុទ្ធសាសនា ។ សត្វក្រៀលតែងតែបង្ហាញវត្តមាន នៅទីតាំង ៣ សំខាន់ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាព អន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅខេត្តតាកែវ ដើម្បីរកចំណីបន្តការរស់នៅក្នុងតំបន់ដីសើម ដែលសម្បូណ៌ចំណីនេះ ពីខែធ្នូដល់ខែកុម្ភៈរៀងរាល់ឆ្នាំ ខណៈ នៅរដូវពងកូន សត្វនេះនឹងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ ។
សូមរំលឹកថា ក្រសួងបរិស្ថាន ក៏បាននិងកំពុងធ្វើការ ជាមួយអង្គការដៃគូ ដើម្បីអភិរក្សសត្វក្រៀល និងទីជម្រករបស់ពួកវា ដោយមានមន្ត្រី ឧទ្យានុរក្សចុះល្បាត ជាប្រចាំកន្លែង ដែលសត្វក្រៀលរស់នៅ សិក្សាពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងតំបន់ដីសើម ដែលបានកំណត់ ៕