ព័ត៌មានជាតិ

១០ខែ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបាន ៦៥៩លានដុល្លារ កើនឡើង៤%

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងថា រយៈពេល ១០ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-កូរ៉េ សម្រេចបាន ៦៥៩លានដុល្លារ កើនឡើង៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

នាឱកាសអញ្ជើញទទួលជួបជាមួយលោក PARK HEUNG-KYENONG ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ដែលចប់អាណត្តិ និងគណៈប្រតិភូ ដើម្បីសម្ដែងការគួសម និងជម្រាបលា នាថ្ងៃទី២០ ធ្នូ លោក ប៉ាន សូរស័ក្ដិ បានថ្លែងឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី​ រវាងប្រទេសទាំងពីរ ហាក់មានផលវិជ្ជមានគួរឱ្យកត់សម្គាល់ ក្នុងនោះមានការកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ ៧៧២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ៧២៩ លានដុល្លារអាម៉េរិក គឺមានការកើនឡើងប្រមាណ៦%។

លោក បញ្ជាក់ថា «ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម សម្រេចបាន ៦៥៩លានដុល្លារ អាមេរិក គឺកើនឡើងដល់៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងន័យនេះដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គ្រាន់តែពីរសប្តាហ៍ក្នុងខែធ្នូ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ០,៥ លានដុល្លារអាមេរិក»។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី ក៏បានសង្កត់ធ្ងន់នូវការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសពីសំណាក់រដ្ឋាភិបាល និងប្រជាជនកូរ៉េក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមាន ការកសាងស្ពានមិត្តភាព កម្ពុជា-កូរ៉េឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ។

លើសពីនេះ លោក រដ្ឋមន្រ្តីបន្តថា ក្រសួងពាណិជ្ជកម្មកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាង ជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េ សំដៅបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់សម្រេច បាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត។ លោក ក៏បានស្នើសុំឱ្យជួយជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគទុនកូរ៉េ មកបណ្តាក់ទុនរកស៊ី លើអាជីវកម្មផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត នៅកម្ពុជា។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលធ្លាប់បានផ្តល់ការគាំទ្រ សាធារណរដ្ឋកូរ៉េ ជាបេក្ខភាពអគ្គនាយក អង្គការពាណិជ្ជកម្មអន្តរជាតិ កាលពីឆ្នាំ២០២១ កន្លងទៅ ។ លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ និង មានជំនឿចិត្តថា ការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និង កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែមទៀត នូវការវិនិយោគ និងធុរកិច្ចកូរ៉េ ៕

To Top