ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបង្ហាញលេខទូរសព្ទចំនួន៣ខ្សែ សម្រាប់ទំនាក់ទំនងកិច្ចការបន្ទាន់ ក្នុងការដោះស្រាយនូវកង្វល់ និងបញ្ហាប្រឈមផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជននៅក្នុងខេត្ត។ នេះគឺជា យន្តការក្នុងការពន្លឿនការដោះស្រាយ បញ្ហាប្រឈម និងក្តីកង្វល់នានារបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ពោធិ៍សាត់ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។

លេខទូរស័ព្ទទាំង៣ខ្សែនោះរួមមាន៖ 092728087 , 0962395020 ,0978738167 ។
សូមរំលឹកថា រយៈពេលជាង១ខែកន្លងមកនេះ នៅក្នុងមុខតំណែង ជាអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានបន្តចាប់ផ្តើម កែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យកាន់តែស្រស់ត្រកាល ជាងមុនជាលំដាប់ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ដូចជា៖ ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ, ភ្លើងចម្រុះពណ៌តាមដងផ្លូវសំខាន់ៗ, ការគូសគំនូសចរាចរណ៍ផ្លូវក្នុងក្រុង និងការចាត់ចែងរៀបចំទីសាធារណៈ ឱ្យមានរបៀបរៀបរយល្អត្រឹមត្រូវ…។ល។

បន្ថែមលើសពីនេះ លោក ខូយ រីដា តែងតែចុះសួរសុខទុក្ខ ស្ដាប់នូវកង្វល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ព្រមទាំងចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករ នៅតាមមូលដ្ឋានផ្ទាល់ផងដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អាណត្តិទី៤ ឆ្នាំទី៣ ឆ្នាំ២០២២ នៅស្រុកបាកាន លោក ខូយ រីដា ក៏បានចូលរួមដោះស្រាយ រាល់សំណូមពរ ដែលជាកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាធនធានទឹក និងសូរិយោដីជាដេីម៕

