ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបសិស្សនិទ្ទេស A នៅខែកុម្ភៈ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជួបសិស្សនិទ្ទេសA នាខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ខណៈ សម្ដេចលើកទឹកចិត្តដល់ សិស្សានុសិស្សទាំងអស់ កុំផ្ដោតទៅលើនិទ្ទេស។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត បានចាត់ចែងការប្រឡងបាក់ឌុប ប្រកបដោយជោគជ័យ។

សម្ដេចតេជោ បន្ដថា អ្នកប្រឡងបាក់ឌុបឆ្នាំ២០២២នេះ មានរហូតដល់ជាង ៧២ភាគរយ ខណៈសិស្សនិទ្ទេសA ជាង ១០០០នាក់។ ទោះបីជាយ៉ាងណាក៏ដោយ សម្តេច បានស្នើកុំឲ្យមានការផ្តោតនិទ្ទេស ជាពិសេស លើការសម្រេចជោគវាសនាអនាគត។

សម្ដេចតេជោ បញ្ជាក់ថា «ពិតហើយនិទ្ទេសA ត្រូវបានលើកទឹកចិត្តជួបនាយករដ្ឋមន្ដ្រី ហើយគម្រោងនៃការជួបនេះ គឺត្រូវធ្វើប្រហែលជាក្នុងខែកុម្ភៈ ដោយសារការបញ្ជាទិញ Ipad សម្រាប់ចែកជូនសិស្សពូកែរបស់យើង»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តអាជ្ញាធរខេត្ត ផ្តល់ការលើកទឹកចិត្តដោយឡែក ដល់សិស្សឆ្នើមដូចជា៖ ករណីអភិបាលខេត្តកំពង់ស្ពឺ ផ្តល់ម៉ូតូដល់ជ័យលាភីនិទ្ទេស A ទាំង ២២នាក់។ សម្តេច ក៏អំពាវនាវដល់សិស្សធ្លាក់បាក់ឌុប ឱ្យបន្តប្រឹងសិក្សា ដើម្បីប្រឡងនៅឆ្នាំក្រោយទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដោយសិស្សសិស្សជាប់ ៩០៩៥០នាក់ ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់ ៕

To Top