ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញប្រកាសចូលកាន់ មុខតំណែងប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែង របស់ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បង្ហាញ អំពីការកត់សម្គាល់ចំពោះលទ្ធផលការងារ របស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ពិសេសនៅក្នុងដំណើរការការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ ក្នុងនោះ សម្ដេច អះអាងថា ការងារទាំងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសរសើរ ចំពោះក្រុមប្រឹក្សានីតិកម្ម បានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យសម្រេចបានសមិទ្ធផលការងារ ជាច្រើនគួរឱ្យកត់សម្គាល់ ដើម្បីរួមចំណែកសម្រេចបាន តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចក្រឡាហោម បន្ថែមថា ក្រសួងមហាផ្ទៃ ក៏មិនខុសពីក្រសួងស្ថាប័នផ្សេងទៀតនោះដែរ សុទ្ធតែមានភារកិច្ចរួមចំណែក ក្នុងដំណើរការផ្ដួចផ្ដើម និងតាក់តែងច្បាប់ពាក់ព័ន្ធនានា ក៏ប៉ុន្តែចំណុចពិសេសមួយទៀតគឺ ទន្ទឹមគ្នានឹងការផ្ដួចផ្ដើម និងតាក់តែងច្បាប់នោះ ក្រសួងមហាផ្ទៃមានតួនាទី និងភារកិច្ចធានាការអនុវត្តច្បាប់ជាទូទៅ។

នាឱកាសនោះដែរ សម្ដេច ឧបនាយករដ្ឋមន្រ្តី បានរម្លឹកឡើងវិញអំពីប្រវត្តិ នៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសក្នុងដំណើរការដឹកនាំ និងគ្រប់គ្រងក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ភ្ជាប់នឹងប្រធានបទនេះ សម្ដេច ក៏បានគូសបញ្ជាក់ជាថ្មីអំពីសវតា និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាច៕

To Top