ព័ត៌មានជាតិ

សម្ដេច ស ខេង សរសើរក្រុមប្រឹក្សានីតិកម្ម បានរួមចំណែកការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោតសរសើរក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង របស់ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានបង្ហាញអំពីការកត់សម្គាល់ ចំពោះលទ្ធផលការងាររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ពិសេសនៅក្នុងដំណើរការការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងនោះ សម្ដេច អះអាងថា «ការងារទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។

សម្ដេច បានសម្ដែងការកោតសរសើរ ចំពោះក្រុមប្រឹក្សានីតិកម្ម បានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យសម្រេចបានសមិទ្ធផលការងារ ជាច្រើនគួរឱ្យកត់សម្គាល់ ដើម្បីរួមចំណែកសម្រេចបានតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេច បន្ថែមថា ក្រសួងមហាផ្ទៃ ក៏មិនខុសពីក្រសួងស្ថាប័នផ្សេងទៀតនោះដែរ សុទ្ធតែមានភារកិច្ចរួមចំណែកក្នុងដំណើរការផ្ដួចផ្ដើម និងតាក់តែងច្បាប់ពាក់ព័ន្ធនានា ក៏ប៉ុន្តែចំណុចពិសេសមួយទៀតគឺទន្ទឹមគ្នានឹង ការផ្ដួចផ្ដើមនិងតាក់តែងច្បាប់នោះ ក្រសួងមហាផ្ទៃមានតួនាទី និងភារកិច្ចធានាការអនុវត្តច្បាប់ជាទូទៅ។

នាឱកាសនោះដែរ សម្ដេច ឧបនាយករដ្ឋមន្រ្តី បានរម្លឹកឡើងវិញអំពីប្រវត្តិនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសក្នុងដំណើរការដឹកនាំ និងគ្រប់គ្រងក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ភ្ជាប់នឹងប្រធានបទនេះ សម្ដេច ក៏បានគូសបញ្ជាក់ជាថ្មីអំពីសវតា និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាច ៕

To Top