នយោបាយ

សម្ដេចតេជោ បញ្ជាឱ្យអាជ្ញាធរ ដោះស្រាយបញ្ហាដីធ្លី ក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ ។

សម្ដេចតេជោ បន្ដថា បើចូលដល់ប្រព័ន្ធតុលាការហើយ គឺមានតែអ្នកឈ្នះ និងចាញ់ប៉ុណ្ណោះ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការដោះស្រាយបញ្ហាដីធ្លី មិនមែនជារឿងថ្មីថ្មោងនោះទេ ហើយជម្លោះដីធ្លីបានកើតឡើង នៅពេលប្រទេសមានសន្ដិភាព។

សម្ដេចតេជោ ក៏បានលើកលើកទឹកចិត្តដល់អាជ្ញាធរ ឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លី ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីបង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ តែងតែមានសំណូមពរជាបន្ដបន្ទាប់ ឱ្យយកចិត្តទុកដាក់ដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ»។

សម្ដេចតេជោ បន្ដថា បញ្ហាជម្លោះដីធ្លីភាគច្រើន គឺគ្រួសារឯង។សម្ដេច បន្ដថា អ្នកឈ្នះតែងតែលើកឡើងពីយុត្តិធម៌ ខណៈអ្នកចាញ់តែងតែរិះគន់ដល់ប្រព័ន្ធតុលាការផងដែរ។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានណែនាំលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បញ្ជាទៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ឱ្យពន្លឿនចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់។

សម្ដេចតេជោ បញ្ជាក់ទៀតថា «ចំណុចសេសសល់របស់យើង វានៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬការធ្វើកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដោយដាច់ដោយដុំក្ដី គឺហាក់ដូចជានៅទ្រឹង ឬធ្វើដែរក៏ប៉ុន្ដែធ្វើដោយមិនមានគេហៅថា មិនមានការជំរុញ គឺមិនមានការសម្ទុះ ដែលធ្វើឲ្យប្រជាជនរង់ចាំរឿងនេះ»៕

To Top