ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវឱ្យគ្រិស្ដសាសនិក បន្ដគាំទ្រដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវគ្រិស្តសាសនិកទាំងអស់ នៅកម្ពុជា បន្ដគាំទ្រដំណើរការប្រជាធិបតេយ្យ និងគាំទ្រដំណើរការបោះឆ្នោត ឆ្នាំ២០២៣។

ក្នុងពិធីអបអរសាទរបុណ្យណូអែល និងឆ្លងឆ្នាំសកល ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រៀបចំដោយអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «សូមអំពាវនាវគ្រិស្តសាសនិកទាំងអស់នៅកម្ពុជា បន្តប្រកាន់ខ្ជាប់ការចូលរួមគោរពច្បាប់ ពង្រឹងវប្បធម៌សាមគ្គីភាព ចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពិសេសគាំទ្រដំណើរការបោះឆ្នោតឆ្នាំ២០២៣ និងបន្តបន្ទាប់ទៀត»។

នាឱកាសនោះ សម្ដេច ក៏លើកទឹកចិត្តឱ្យអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ បន្តការងារមនុស្សធម៌ និងសប្បុរសធម៌នេះ ទៀត។ លើសពីនេះ សម្ដេច ក៏បានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពនៃការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រង់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងឆ្លើយតបបានយ៉ាងល្អទៅ នឹងវិបត្តិសាកលបង្ក ឡើងដោយជំងឺឆ្លងនេះ និងឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

សម្ដេច ស ខេង ក៏បានលើកឡើងអំពីស្នាដៃជាប្រវត្តិសាស្ត្រ នៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ ជាមួយនឹងការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ ពិសេសការអនុវត្តបានយ៉ាងល្អនូវការមិនប្រកាន់ពូជសាសន៍ និងសាសនា ដែលជាមូលដ្ឋានដ៏សំខាន់នៃការរក្សាបានសុខសន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មក្នុងសង្គម៕

To Top