ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួង នឹងផ្តល់ការលើកទឹកចិត្តដល់សាលារៀនណា ដែលបាននិងកំពុងអនុវត្ត កំណែទម្រង់កម្រិតសាលារៀនបានល្អ ដូចជា ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ជាដើម។

ក្នុងពិធីបើកបវេសនកាលជានិមិត្តរូប ឆ្នាំសិក្សា២០២២-២០២៣ បានប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន ប្រសូត ខេត្តស្វាយរៀង នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងធនធានសរុប ក្នុងការដឹកនាំ និងបន្តដំណើរការសាលារៀន ព្រមទាំងការបំពេញការងារដទៃទៀត តាមគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព ជាពិសេសបានបិទបញ្ចប់ឆ្នាំសិក្សា ២០២១-២០២២ ប្រកបដោយសុវត្ថិភាព និងត្រៀមរួចរាល់សម្រាប់ បវេសនកាលឆ្នាំសិក្សាថ្មី។
លោក បន្ដថា ដើម្បីគាំទ្រដល់កំណែ ទម្រង់សាលារៀន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបន្តគាំទ្រ និងបង្កើនថវិកាមូលនិធិ ដំណើរការសាលារៀនជារៀងរាល់ឆ្នាំ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ក្នុងឆ្នាំ២០២៣នេះ ក្រសួងនឹងផ្តល់ការលើកទឹកចិត្ត ដល់សាលារៀនដែលបាននិងកំពុង អនុវត្តកំណែទម្រង់កម្រិត សាលារៀនបានល្អ ដូចជា ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព នៃការដឹកនាំនិងគ្រប់គ្រង សាលារៀនការដឹកនាំ ការរៀន និងបង្រៀន ការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្សសហគមន៍ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសាលារៀន ជាដើម»។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវអាទិភាពចំនួន ៨ចំណុច ដើម្បីឆ្លើយតបនឹង បរិវត្តកម្មការអប់រំ រួមមាន៖ ទី១-ការបើកដំណើរការសាលារៀន ប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញ និងការបន្តការសិក្សារៀនសូត្រ របស់សិស្សានុសិស្ស ,ទី២-កំណែទម្រង់សាលារៀន ,ទី៣-ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ប្រកបដោយគុណភាពកម្រិតខ្ពស់ ,ទី៤-ការអប់រំឌីជីថល ,ទី៥-ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ,ទី៦-ការអភិវឌ្ឍបំណិនសតវត្សទី២១ សម្រាប់យុវជន ,ទី៧-ការបង្កើតមជ្ឈមណ្ឌលឧត្តមភាព នៅឧត្តមសិក្សា និងទី៨-ការពង្រឹងប្រព័ន្ធអប់រំ និងកសាងសមត្ថភាពស្ថាប័ន៕
