ព័ត៌មានជាតិ

ពីថ្ងៃទី៤-១០ មករា នៅតំបន់មួយចំនួន នៃប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅតាមតំបន់មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ នឹងអាចមានខ្យល់បក់ពីបង្គួរទៅខ្លាំង ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី៣ មករានេះ បានឲ្យបញ្ជាក់ថា ពីថ្ងៃទី៤-៧ ខែមករា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្ម ពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង និងពីថ្ងៃទី៨-១០ ខែមករា កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ក្រសួងបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C និងសីតុណ្ណភាពអតិបរមា មានពី ២៨-៣០ °C ។ នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។

ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ។ នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ។

ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ណភាពអតិបរមា មានពី ២៨-៣០ °C ។ នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ នឹងអាចមានខ្យល់បក់ពីបង្គួរទៅខ្លាំង ។ ឯនៅលើផ្ទៃសមុទ្រក៏នឹងកើត មានរលកសមុទ្រពីមធ្យមទៅបង្គួរផងដែរ ។

ពាក់ព័ន្ធបញ្ហានេះដែរ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ពិសេសតំបន់មាត់សមុទ្រ ៕

To Top