ព័ត៌មានជាតិ

សម្តេចតេជោ៖ យើងត្រូវកម្ចាត់នយោបាយ ជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួកឱ្យអស់ពីសង្គមជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងផ្ដាំផ្ញើដល់ជនរួមជាតិទាំងអស់ថា ត្រូវកម្ចាត់ចោលនយោបាយជ្រុលនិយម របស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួកដែលកំពុងគេចខ្លួន រស់នៅក្រៅប្រទេស ឱ្យអស់ពីសង្គមជាតិ។

ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាបន្ដថែរក្សា សមិទ្ធផល និងសន្ដិភាព ឱ្យបានគង់វង្ស ព្រមទាំងរឹងមាំគ្រប់កាលៈទេសៈ។

សម្ដេចតេជោ បញ្ជាក់ថា «យើងត្រូវកម្ចាត់នយោបាយជ្រុលនិយម របស់ទណ្ឌិតក្បត់ជាតិ និងបក្សពួក ដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេស ឱ្យអស់ពីសង្គមជាតិយើង មិនទុកឲ្យវាបន្ត បំពុលសង្គមបំផ្លាញដំណើររីកចម្រើន និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះមហន្តរាយជាថ្មីទៀត សម្រាប់ប្រជាជាតិយើង»។

សម្ដេចតេជោ បន្ដថា ជនណា ឬគណបក្សនយោបាយណា ដែលបម្រើនយោបាយជ្រុលនិយម របស់ទណ្ឌិតក្បត់ជាតិនោះ ត្រូវកែប្រែខ្លួនឱ្យបានទាន់ពេលវេលា បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹង វិធានការច្បាប់ជាធរមាន។ សម្តេច ថា «យើងទាំងអស់គ្នា ត្រូវតែប្ដូរផ្ដាច់កម្ចាត់ចោល នយោបាយជ្រុលនិយម មិនថាឆ្វេង មិនថាស្ដាំ ឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីធានាថា កម្ពុជាគ្មានសង្គ្រាម និងការបែកបាក់ជាតិតទៅទៀត»។

សម្ដេចតេជោ បន្ថែមថា ការលើកកម្ពស់ជីវភាពប្រជាជន គឺជាគោលបំណងជាសារវន្ត របស់រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា តាមរយៈការជំរុញអនុវត្តប្រកបដោយ ប្រសិទ្ធផលនូវរាល់គោលនយោបាយ និងវិធានការនានាក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ បច្ចុប្បន្នជីវភាពប្រជាជនមាន ភាពប្រសើរឡើងជាលំដាប់ ទន្ទឹមនោះក៏នៅមានប្រជាជនខ្មែរមួយចំនួន នៅបន្តជួបការលំបាកខ្លាំងក្នុងការរស់នៅ ដែលបណ្តាលមកពីឥទ្ធិពល នៃជំងឺកូវីដ-១៩ និងកត្តាផ្សេងៗទៀត។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នអាជ្ញាធរដែនដី និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តខិតខំដោះស្រាយសំណូមពរ របស់ប្រជាជននៅមូលដ្ឋាន ពង្រឹងសុវត្ថិភាពភូមិ-ឃុំ-សង្កាត់ ពង្រីកស្ថានភាពអំណោយផល ដល់ការប្រកបរបររកស៊ី របស់ប្រជាពលរដ្ឋនិងជំរុញ ការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍សង្គមកិច្ចនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យបានល្អ ដើម្បីធានារក្សាលំនឹងជីវភាព និងបង្កើនឱកាសសម្រាប់ការលើក ស្ទួយជីវភាពរបស់ប្រជាជន ៕

To Top