ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ បានអញ្ជើញជាអធិបតីភាព ក្នុងមីទ្ទិញអបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ ព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងមីទ្ទិញអបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) នាកីឡដ្ឋាន ស្រុកពញាឮ ។

បន្ទាប់​ពី​លោក​រដ្ឋមន្រ្តី​ បាន​អាន​នូវ​សុន្ទរកថា​ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​ និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ក្នុង​ពិធី​មីទ្ទីញរំលឹក​ខួបលើកទី​ ៤៤​ ទិវា​ជ័យជម្នះ​ ៧​ មករា​ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) ចំពោះខ្លឹមសារស្នូល សំខាន់នៃទិវាជ័យជម្នះ ៧ មករា លោករដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីថា ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបទី ៤៤ ទិវាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) ជាប្រវត្តិសាស្ត្រ លើបនប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ជាការបើកឡើង នូវទំព័រសករាជថ្មី របស់កម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជាថ្ងៃដែលមានអត្ថន័យធំធេងបំផុត ចំពោះការរស់រានឡើងវិញ ការស្ថិតស្ថេរគង់វង្ស និងការរីកចំរើន នៃមាតុភូមិ និងប្រជាជនកម្ពុជា ។ យើងទាំងអស់គ្នា ចងចាំជានិច្ចថា ថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី ២ របស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ ។ ជ័យជម្នះ៧ មករា ជារបស់ប្រជាជនកម្ពុជា គ្រប់រូប និងជារបស់មនុស្សជាតិ ទាំងមូល ដែលស្រលាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជា សច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ ។ គឺមានតែអ្នកស្រឡាញ់ របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា ។ ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងជំហានដ៏ស្វាហាប់ និង ប្រកបដោយមោទនភាព ។

យើងជួបជុំគ្នាថ្ងៃនេះ ចំនួនប្រមាណជិត ២ ពាន់នាក់ ក៏ពិតមែន ប៉ុន្តែយើងជួបជុំគ្នាជាតំណាងឱ្យ វ័យចាស់វ័យកណ្តាល និងវ័យក្មេង ជាតំណាងឱ្យកសិករ កម្មករ-កម្មការិនី ជាងសំណង់ អាជីវករ អ្នកផ្តល់សេវាក្រៅប្រព័ន្ធ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ អតីតយុទ្ធជន នីវត្តជន និស្សិត សិស្សានុសិស្ស ជាតំណាងឱ្យពុទ្ធសាសនិកឥស្លាមសាសនិក និងសាសនិកសាសនាឯទៀតៗ ជាតំណាងឱ្យបញ្ញវន្ត អ្នកបច្ចេកទេស ។ល។
ជាតំណាងឱ្យអ្នកធ្លាប់រស់នៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងអ្នកដែលទើបកើតក្រោយថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដើម្បីបង្ហាញសាធារណមតិជាតិ និងអន្តរជាតិ ឱ្យឃើញកាន់តែច្បាស់នូវគោលជំហរ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាព រស់នៅ របស់ប្រជាជន ពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ។ យើងប្តេជ្ញាជំរុញ ការកែទម្រង់ លើគ្រប់វិស័យ បង្កើនជំនឿ និងការគាំទ្ររបស់ប្រជាជន មកលើកគណបក្សប្រជាជនកម្ពុជា ។

អង្គពិធី បានប្តេជ្ញា ជាធ្លុងមួយ បន្តថែរក្សា ឲ្យបានជាដាច់ខាត នូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍ កម្ពុជា ឲ្យមានការរីកចម្រើន កាន់តែខ្លាំងក្លា ថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ មានសន្តិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ ។
ដើម្បីជាចំណងដៃ សម្រាប់ឆ្នាំថ្មីនេះ លោករដ្ឋមន្រ្តី និងក្រុមការងារ បានផ្តល់នូវអាគារសិក្សាមួយខ្នង មាន ០៨ បន្ទប់ ដល់សិស្សានុសិស្សក្នុងវិហាឌូបៃ របស់បងប្អូនសាសនិកឥស្លាម ដើម្បីតំឡើងទៅជាអនុវិទ្យាល័យ ស្ថិតនៅក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

To Top