ព័ត៌មានជាតិ

សម្ដេចតេជោ ព្រមានវាយខ្នោះលោក គង់ គាំ ដែលចោទគណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានវាយខ្នោះចំពោះ លោក គង់ គាំ និងថ្នាក់ដឹកនាំគណបក្សនយោបាយដទៃទៀត ដែលវាយប្រហារគណបក្សប្រជាជនកម្ពុជាថា «ចោរលួចសន្លឹកឆ្នោត»។

លើសពីនេះ សម្តេចតេជោ ក៏បានប្ដេជ្ញាបញ្ចប់ការនិយាយ មូលបង្កាច់របស់គណបក្សប្រឆាំង ដែលចោទគណបក្សប្រជាជនជា «ចោរលួចសន្លឹកឆ្នោត» នៅពេលក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការតាមផ្លូវច្បាប់។

នាឱកាសអញ្ជើញបើក ការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាព កំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ប៉ុន្មានថ្ងៃនេះ មានគណបក្សនយោបាយមួយចំនួន វាយប្រហារគណបក្សប្រជាជនកម្ពុជាថា «ចោរលួចសន្លឹកឆ្នោត»។

សម្ដេច បានចោទសួរ មូលហេតុអ្វី បានជាពួកអ្នកឯងតែងតែវាយប្រហារ គណបក្សប្រជាជនកម្ពុជា? បើពួកអ្នកឯងបន្ដវាយប្រហារទៀត សម្ដេច នឹងមានវិធានការតាមផ្លូវច្បាប់។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ គ្រាន់តែព្រមាន និងដាក់តឿនអ្នកឱ្យអ្នកបានយល់ អ្នកប្រជុំនៅសៀមរាប តើអ្នកបានធ្វើអ្វី? ហើយអ្នកអីអាងតុលាការ ខ្ញុំចង់សួរអ្នកទៅវិញថា ជម្រើមានតែពីរ មួយផ្លូវច្បាប់ មួយទៀតប្រើដំបង តើអ្នកយកមួយណាពីរហ្នឹង? ខ្ញុំសូមព្រមានចំពោះអ្នក តើពួកខ្ញុំនេះ មិនទុកឱ្យពួកអ្នកចោទជាចោរមួយជីវិតទេ? ខ្ញុំជម្រាបជូន ត្រូវតែបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត»។

សម្ដេចតេជោ បន្ដថា គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបាននោះទេនូវពាក្យថា «ជាចោរលួចលួចសន្លឹមឆ្នោត»។ សម្ដេច បន្ដថា អ្នកណាហ៊ាននិយាយបែបនេះបន្ដទៀត ត្រូវតែប្ដឹងហើយ សម្ដេចថា ជម្រើសមានតែពីរ គឺអនុវត្តតាមច្បាប់តុលាការ ឬប្រមូលផ្ដុំមនុស្សធ្វើបាតុកម្មទៅវាយពួកអ្នកឯងដល់ផ្ទះ។ សម្ដេច បានផ្ដាំផ្ញើដល់មេធាវីរបស់ គណបក្សប្រជាជនកម្ពុជា នៅគ្រប់តាមខេត្តទាំងអស់ ត្រូវធ្វើកិច្ចការងារទាំងនេះ ព្រោះនេះ មិនមែនជាសិទ្ធិបញ្ចេញមតិឡើយ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមានចំៗទៅកាន់ បណ្តាគណបក្សនយោបាយ ជាពិសេស លោក គង់ គាំ ត្រូវបញ្ឈប់ការរិះគន់គណបក្សប្រជាជនកម្ពុជា នាពេលឃោសនានយោបាយ គណបក្សរបស់ខ្លួន។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ចាស់ហើយ ល្មមហើយ គាំ និយាយឱ្យច្បាស់ចឹងផ្ដាំទៅ គាំ យើងពីដើមនៅជាមួយគ្នាតើ ខ្ញុំសូមដាក់តឿន ដាក់តឿន ជាការព្រមានបន្ថែម ហ៊ុន សែន ហ៊ានវៃខ្នោះ ចំពោះជនក្បត់ ដែលមានភស្ដុតាងគ្រប់គ្រាន់នៅម៉ោង ១២យប់។ ហ៊ុន សែន មិនខ្លាចនូវអ្វីទាំងអស់ ទាក់ទងរឿងថែរក្សាសន្ដិភាព ខ្ញុំសូមព្រមានអ្នកឯង កុំឱ្យសោះ អ្នកឯងវៃប្រហារអ្វី វៃទៅ អ្នកឯងអួតអីអួតទៅ អ្នកឯងវៃគណបក្សប្រជាជន អ្នកឯងដឹកគេឈឺទេ?»។

សម្ដេចតេជោ បន្ដទៀតថា កុំយកគណបក្សប្រជាជនកម្ពុជា ធ្វើជាគោលដៅវាយប្រហារ ព្រោះថា គណបក្សប្រជាជនកម្ពុជា ចេះការពារ និងលក់ទំនិញរបស់ខ្លួនហើយ។ លើសពីនេះ សម្តេច ក៏ព្រមានចង់ប្តឹងសើរើយកផ្ទះលោក គង់ គាំ ដែលជាសម្បត្តិរបស់ គណបក្សប្រជាជនកម្ពុជា។ សម្ដេច រំលឹកថា លោក គង់ គាំ ជាមនុស្សអត់កំណើតទើប សម្តេច ដកចេញពីរដ្ឋមន្ត្រីការបរទេស ៕

To Top