ភ្នំពេញ ៖ កូនសត្វខ្ទីងមួយក្បាល ត្រូវបានក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ជួយសង្គ្រោះ នាពេលថ្មីៗនេះ ក្រោយពេលក្រុមការងារបានទទួលព័ត៌មានថា សត្វខ្ទីងមួយក្បាលបានជាប់អន្ទាក់ ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៨ មករា បានឱ្យដឹងថា កូនសត្វខ្ទីងនេះ បានរបួសជើងមុខខាងស្តាំ ខណៈពេលនេះ កូនសត្វខ្ទីងនេះ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីសង្គ្រោះជីវិត និងព្យាបាលជំងឺ ។ ប្រសិនបើមិនមានការ ជួយសង្គ្រោះទាន់ពេលវេលាទេ កូនសត្វខ្ទីង ដែលបែកហ្វូង ពីមេរបស់វានេះអាចនឹងស្លាប់បាត់បង់ជីវិត ។ កូនសត្វខ្ទីងនេះ ជាប់អន្ទាក់នៅទីតាំងជាមួយគ្នា ដែលសត្វខ្ទីងមួយក្បាល ដែលបានជាប់អន្ទាក់ និងក្រុមការងារជួយសង្គ្រោះ កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែបានស្លាប់។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា អន្ទាក់ និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខ សម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ថ្ងៃ ដែលចាំបាច់ត្រូវទប់ស្កាត់ និងបង្ក្រាបកុំឱ្យមានការយក ចូលក្នុងតំបន់ការពារធម្មជាតិ ។ អន្ទាក់ជាច្រើនម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងរួមនឹងកាំភ្លើងកែច្នៃ ជាច្រើនរយ ត្រូវបានដកហូត រឹបអូសរយពពេលកន្លងទៅ ។

លោក បន្ដថា សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរង ការគំរាមកំហែងយ៉ាងខ្លាំង ។ សត្វខ្ទីង នៅលើពិភពលោកមានចំនួនប្រមាណ ២១,០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍ ។ សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត ១តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះ គួរឱ្យកត់សម្គាល់ដោយសារ តែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត ។

លោករដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមការពារ និងអភិរក្សសត្វព្រៃ និងសូមនិយាយថា «ទេចំពោះការជួញដូរ សត្វព្រៃគ្រប់ប្រភេទ» ព្រមទាំងចូលរួមរាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗ ជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីផលប្រយោជន៍ សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយនិង លុបបំបាត់របរ ចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់សត្វ ដែលប្រជាពលរដ្ឋមួយចំនួន កំពុងប្រកបរបរដែលប្រឈម នឹងមុខច្បាប់នេះ ៕
