ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជា​អាជ្ញាធរចាត់វិធានការ បញ្ឈប់ជាបន្ទាន់ ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បោកយកលុយពីពលរដ្ឋ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មួយចំនួនតូចដែលធ្វើសកម្មភាព បោកប្រាស់យកលុយពីប្រជាពលរដ្ឋ។

ក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបន្តសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់អង្គការសង្គមស៊ីវិល ដែលបានចុះបញ្ជីត្រឹមត្រូវ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាព ដោយសេរី និងគ្មានការរឹតត្បិត ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជា ពិសេសក្នុងអំឡុងពេលនៃដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

សម្ដេច បន្ដថា រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តរៀបចំវេទិកាស្តីពី ភាពជាដៃគូរវាងរដ្ឋបាលរាជធានី ខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែល ធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច របស់ខ្លួនឡើងវិញ ឱ្យបានយ៉ាងហោចចំនួន២ដង ក្នុង១ឆ្នាំ តាមការកំណត់ក្នុងស្មារតី នៃសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង មានប្រសាសន៍ថា «រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែលធ្វើសកម្មភាពបោកប្រាស់ អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលបំណងដើម្បី បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលជាសកម្មភាពប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន»។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែធ្នូឆ្នាំ ឆ្នាំ២០២២នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប ៦.១០៩ ក្នុងនោះ សមាគម ចំនួន ២.៦២៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.៤៦៨។ បន្ទាប់ពីច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចូលជាធរមាន កាលពីឆ្នាំ២០១៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានចំនួនសរុប ១.៥៥៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងនោះ សមាគម ៨៦៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦៨៨៕

To Top