ព័ត៌មានជាតិ

សម្ដេច ស ខេង៖ កម្ពុជា មានឆន្ទៈមោះមុត ក្នុងការប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា កម្ពុជា មានឆន្ទៈយ៉ាងមោះមុត ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ។

នាឱកាសអនុញ្ញាតជូនគណៈប្រតិភូ ក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ចូលជួបសម្ដែងការគួរសម នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានបញ្ជាក់ថា «សូមបញ្ជាក់ជាថ្មីម្ដងទៀត នូវការប្ដេជ្ញាចិត្ត និងឆន្ទះដ៏មោះមុតរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ»។

សម្ដេច បន្ដថា ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺកម្ពុជា សម្រេចបាននូវសមិទ្ធផលសំខាន់ៗ មួយចំនួន ទាំងក្នុងក្របខណ្ឌកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ បម្រើឱ្យការងារទាំងនេះ និងការអនុវត្តទៅនឹងកិច្ចការងារមួយចំនួន ដែលតម្រូវឱ្យខាងស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិ។

សម្ដេច បន្ថែមថា ទន្ទឹមនឹងការកសាង នូវលិខិតបទដ្ឋានគតិយុត្ត បម្រើឱ្យកិច្ចការទាំងនេះ កម្ពុជាបានពិនិត្យ និងកែសម្រួល ព្រមទាំងពង្រឹងយុទ្ធការដឹកនាំការងារនេះ យ៉ាងសកម្មផងដែរ ក្នុងនោះបានរៀបចំ ជាអនុគណៈកម្មាធិការ ដែលមានសមត្ថកិច្ចពាក់ព័ន្ធទៅតាមវិស័យ ទទួលខុសត្រូវរៀងៗខ្លួន ដែលពាក់ព័ន្ធទៅលើកិច្ចការងារ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យនេះ។

សម្ដេច ស ខេង បញ្ជាក់ទៀតថា កម្ពុជា ក៏ចាត់ទុកកិច្ចការនេះ គឺជាកិច្ចការដល់សំខាន់ និងអាទិភាព ដោយចាត់តាំងធ្វើការផ្សព្វផ្សាយនូវការងារប្រឆាំងការងារសម្អាតប្រាក់ ជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ។

នាឱកាសនោះ គណៈប្រតិភូក្រុមប្រទេសប៉ាស៊ីហ្វិក បានលើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ ថ្វីត្បិតកម្ពុជា ក៏ដូចជាប្រទេសនានានៅទូទាំងសកលលោក ទទួលរងនូវផលប៉ះពាល់ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ តែកម្ពុជាបានអនុវត្តតាមផែនការ សកម្មភាពរបស់ខ្លួន ដោយផ្តល់របាយការណ៍ជាបន្តបន្ទាប់ រហូតឈានដល់ដំណើរទស្សនកិច្ច on side visit របស់គណៈប្រតិភូនាឱកាសនេះ៕

To Top