ព័ត៌មានជាតិ

កំណាត់ផ្លួវ និងស្រូវវស្សា ក្នុងភូមិព្រៃស្នួល នឹងលែងរងផលប៉ះពាល់ ក្រោយកូនប្រលាយមួយខ្សែ ត្រូវបានស្តារឡើងវិញ

ភ្នំពេញ៖ កំណាត់ផ្លូវ និងស្រូវវស្សា របស់ប្រជាពលរដ្ឋក្នុងភូមិព្រៃស្នួល (មួយផ្នែក) នឹងលែងរងផលប៉ះពាល់ ក្រោយកូនប្រលាយមួយខ្សែ ប្រវែងជាង៥០០ម៉ែត្រ ត្រូវបានស្តារឡើងវិញ ក្រោមសាមគ្គីភាពរបស់អ្នកភូមិ ដែលដឹកនាំ ដោយ លោក សយ សុភាព និងលោក ម៉ម វ៉ាន អនុប្រធានក្រុមការងារ គណបក្សប្រជាជន ឃុំរវៀង ចុះជួយភូមិព្រៃស្នួល។

ក្រោយស្ដាររួចរាល់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ លោក កឹម ពន្លក មេឃុំរវៀង ក៏បានអញ្ជើញចុះពិនិត្យនិងទទួលយកសមិទ្ធិផល ដែលជាហេដ្ឋារចនាសម្ព័ន ផ្លូវទឹក សម្រាប់រំដោះទឺកជំនន់មួយផ្នែកនៃឃុំរវៀង ជាពិសេសប្រជាពលរដ្ឋក្នុងភូមិព្រៃស្នូល ក៏អាចធ្វើស្រែប្រាំងបានផងដែរ។

នៅក្នុងប្លង់គោលរបស់រដ្ឋ ប្រលាយនេះមាន បណ្តោយជាង៥០០ម៉ែត្រ និងទទឹង៤ម៉ែត្រ សម្រាប់បញ្ចៀសទឹកជន់លិចស្រែខែវស្សា និងកុំឱ្យមានទឹកហូរដាច់ផ្លូវចូលភូមិ។ ប៉ុន្តែកន្លងមកប្រលាយនេះត្រូវបានលុប ជាហេតុបង្កឱ្យមាន ផលប៉ះពាល់ ដល់ស្រូវវស្សា (លិចខូច) និងទឹកហូរកាត់ដាច់ ផ្លូវចូលភូមិ។

សូមរំលឹកថា ភូមិព្រៃស្នួល បានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមផ្ទាល់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ក្រោមការយកចិត្តទុកខ្ពស់នេះ ឥឡូវដីស្រែជាច្រើន នៅក្នុងភូមិព្រៃស្នួល បានចាប់ផ្តើមធ្វើស្រូវប្រាំង បន្ទាប់ពីប្រលាយរង និងកូនប្រឡាយមួយចំនួន ត្រូវបានស្តាររួចរាល់។

ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព ជំនួសមុខឱ្យអ្នកភូមិព្រៃស្នួល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានជួយសម្របសម្រួល និងសហការគ្រប់កាលៈទេសៈ ដើម្បីឈានឆ្ពោះទៅរកភាពរីកចំរើន ដោយផ្សារភ្ជាប់ពីតំបន់ដាច់ស្រយាលទៅទីប្រជុំជន ៕

To Top