ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់ អគារការិយាល័យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

ភ្នំពេញ ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី និង សម្ពោធដាក់ឱ្យប្រើប្រាស់ អគារការិយាល័យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោមបណ្ឌិត សូមអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សា ប្រកបដោយភាពជោគជ័យ ហើយក៏ជាការចាប់ផ្តើម នៃដំណើរឆ្ពោះទៅរកការកសាងអនាគត ដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង, ក្រុមគ្រួសារ, សហគមន៍ និងសង្គមជាតិទាំងមូល។ ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបាននេះ នឹងជួយនិស្សិតយើងប្រែក្លាយ ទៅជាមូលធនមនុស្សរបស់ប្រទេសជាតិយើង ជាពិសេសនៅក្នុងបរិការណ៍ ដែលប្រទេសជាតិ យើងកំពុង ត្រូវការធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព គុណធម៌ និងសីលធម៌ខ្ពស់។

លោក បន្ថែមថា ការបញ្ចប់ការសិក្សា ដោយជោគជ័យ តាមរយៈការទទួលបានសញ្ញាបត្រ ដូចពេលនេះ អាចផ្តល់ នូវអត្ថប្រយោជន៍ ជាច្រើនសម្រាប់ បុគ្គលម្នាក់ៗ ជាអាទិ៍ ៖ (១) ការពង្រឹងអំណាចម្ចាស់ ការលើខ្លួនឯង ពីព្រោះចំណេះដឹង ជាកម្លាំងចលករ ដែលអាចប្រែក្លាយគំនិត ឱ្យទៅជាការពិត ព្រមទាំង ផ្តល់លទ្ធភាព ក្នុងការជួយឱ្យសម្រេច នូវសុបិន្តរបស់ខ្លួន ជាពិសេសចំណេះដឹងអាចបង្កើត ជាមូលដ្ឋាន នៃឯករាជ្យភាព និងសេរីភាព លើការសម្រេចចិត្ត និងជាប្រភព នៃភាពក្លាហាន និងជំនឿទុកចិត្តលើខ្លួនឯង, (២) ជាមូលដ្ឋាន សម្រាប់ឈាន ទៅការបន្តអភិវឌ្ឍ សមត្ថភាពឱ្យមានកម្រិតកើនឡើង ថែមទៀត ដោយហេតុថា ការណ៍ដែលមាន ចំណេះដឹងកាន់តែច្រើន និងគុណវុឌ្ឍកាន់តែខ្ពស់ អាចជួយបង្កើនឱ្យកាន់តែមានភាពបត់បែន ក្នុងការចាប់យកជំនាញថ្មី (Reskilling) និងធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗ ។

លោកបណ្ឌិត កត់សម្គាល់ថា ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិទាំងមូល, ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមាន ការរីកចម្រើនរុងរឿង, ការធានាភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខគ្រប់ជំនាន់ ។

លោក ម៉ាណែត ក៏សូមអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យ, បុគ្គលិក និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលបានពុះពារច្នៃប្រឌិត ក្នុងការបង្ហាត់បង្រៀននិស្សិត តាមបែបចម្រុះ ទាំងការបង្រៀនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិត អាចសិក្សារៀនសូត្រដោយគ្មាន ការអាក់ខាន ក្នុងរយៈកាលរីករាលដាលនៃជំងឺកូវីដ-១៩ រហូតបានបញ្ចប់ការសិក្សា ដោយជោគជ័យ ។ ជាមួយគ្នានេះ សូមអរគុណ ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលកន្លងមក បានផ្ដល់អាហារូបករណ៍ជូនដល់ សម្ដេចតេជោនាយរដ្ឋមន្រ្តី និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចាប់តាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្ននេះ សរុបចំនួន ១០០ នាក់ ដែលនេះ គឺជាទឹកចិត្ត និងកាយវិការប្រកបដោយធម៌ សប្បុរសថ្លៃថ្លានៅក្នុងការចូលរួមចំណែក អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

To Top